(ការ៉ាកាស់)៖ មេបញ្ជាការម្នាក់នៃកងទ័ពអាកាសវេណេស៊ុយអេឡា បានប្រកាសថាលោកលែងទទួលស្គាល់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីននេះទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Telegraph នៅយប់ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងឃ្លីបវីដេអូមួយដែលត្រូវបានគេចែកចាយតៗគ្នានៅលើបណ្តាញសង្គម មេទ័ពអាកាសខាងលើដែលមានឈ្មោះថា Francisco Esteban Yanez Rodriguez បាននិយាយថា លោកបានសម្រេចលែងទទួលស្គាល់ការដឹកនាំរបស់លោក ម៉ាឌូរ៉ូ ទៀតហើយ និងងាកទៅទទួលស្គាល់មេបក្សប្រឆាំង លោក Juan Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីជាមេដឹកនាំរបស់វេណេស៊ុយអេឡាវិញ។
ដោយស្ថិតក្នុងឯកសណ្ឋានយោធា លោក Yanez បានបញ្ជាក់ថា លោកមានតួនាទីជាប្រធានផ្នែករៀបចំផែនការយុទ្ធសាស្រ្តក្នុងទីបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសវេណេស៊ុយអេឡា ដែលការអះអាងរបស់លោកគឺដូចទៅនឹងអ្វីដែលបង្ហាញនៅក្នុងវែបសាយទ័ពអាកាសវេណេស៊ុយអេឡាដែរ។ មន្រ្តីយោធារូបនេះអះអាងថា តាមពិតកងទ័ពដល់ទៅ៩០ភាគរយមិននៅខាងលោក ម៉ាឌូរ៉ូ នោះឡើយ គឺពួកគេនៅខាងប្រជាជនវេណេស៊ុយអេឡា។
លោក Yanez ក៏បានអំពាវនាវផងដែរកុំឲ្យកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា នៅការពារលោក ម៉ាឌូរ៉ូ និងថាប្រសិនបើពួកគេមិនហ៊ានគាំទ្រលោក Guaido ដោយបើកចំហ ដោយសារការការគំរាមកំហែងផ្ទៃក្នុងនោះ ពួកគេគួរតែនៅក្នុងផ្ទះវិញល្អជាង។ យ៉ាងណាមិញ វាមិនច្បាស់នោះទេថា តើវីដេអូរយៈពេល២នាទីខាងលើត្រូវបានថតនាពេលណាឬកន្លែងណាឬមួយក៏លោក Yanez ផ្ទាល់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងឬក៏ក្រៅប្រទេស។
គួរជម្រាបថា បន្ទាប់ពីលោក Guaido បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបស្តីទីនៅអំឡុងការប្រមូលផ្តុំគ្នាមួយ ក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃទី២៣ ខែមករា ប្រមុខការពារជាតិវេណេស៊ុយអេឡា ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ឯទៀតៗ បានចេញមុខភ្លាមៗដើម្បីបង្ហាញពីភក្តីភាពរបស់ពួកគេចំពោះ លោក ម៉ាឌូរ៉ូ៕