(វ៉េណេស៊ុយអេឡា)៖ វិបត្តិនយោបាយនៅ វ៉េណេស៊ុយអេឡា ហាក់ដូចជាកំពុងឈានដល់ចំណុចក្តៅគគុក បន្ទាប់ពីគណបក្សប្រឆាំង កំពុងព្យាយាមដើម្បីទម្លាក់ប្រធានាធិបតីសង្គមនិយម លោក Nicolás Maduro។
ប្រទេសអាមេរិចខាងត្បូងមួយនេះ កំពុងធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ ជំរុញដោយការឡើងខ្ពស់នៃអតិផរណា ការផ្តាច់ការផ្គត់ផ្គង់ថាមពល និងការខ្វះម្ហូបអាហារ ព្រមទាំងឱសថជាដើម។ ពលរដ្ឋវ៉េណេស៊ុយអេឡាជាងបីលាននាក់ បានចាកចេញពីប្រទេសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើអ្វីដែលនៅពីក្រោយ វិបត្ដិរញ្ជួយវេណេហ្ស៊ូអេឡា?
* តើអ្នកណាជាប្រធានាធិបតី?
នេះជាសំណួរដ៏ពិបាកឆ្លើយមួយត្រូវបានលើកឡើង ក្នុងបណ្តាប្រទេសភាគច្រើន ប៉ុន្តែនៅវ៉េណេហ្ស៊ូអេឡាមនុស្សជាច្រើនចង់ដឹងច្បាស់ថា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
ប្រទេសខ្លះលើកឡើងថា លោក Nicolás Maduro គឺជាប្រធានាធិបតីស្របច្បាប់ ខណៈដែលអ្នកផ្សេងទៀតបង្ហាញការគាំទ្រចំពោះលោក Juan Guaidó។ កាលពីថ្ងៃទី២៣ មករា កន្លងទៅនេះ លោក Juan Guaidó បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី ព្រមទាំងបាននិយាយថា លោកនឹងកាន់អំណាចរបស់ស្ថាប័ននីតិប្រតិបត្តិចាប់ពីពេលនោះមក។ ការលើកឡើងនេះបង្ហាញពីការប្រឆាំង ចំពោះប្រធានាធិបតី Nicolás Maduro ដែលបានស្បថចូលកាន់តំណែងក្នុងអាណត្តិទីពីរ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។
មនុស្សរាប់ពាន់នាក់បានចូលរួមការធ្វើបាតុកម្មក្នុងទី Caracas ប្រឆាំងប្រធានាធិបតី Maduro។ ជាការឆ្លើយតបប្រធានាធិបតីរូបនេះ បានថ្កោលទោសបក្សប្រឆាំងទាំងនោះថា ជាក្រុមអាយ៉ងរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា លោកជាប្រធានាធិបតីស្របតាមច្បាប់ ហើយលោកនឹងនៅតែបន្តកាន់អំណាច។
* ហេតុអ្វីបានមានវិវាទក្នុងដំណែងប្រធានាធិបតី?
គួររំឭកថា លោក Nicolás Maduro ត្រូវបានគេបោះឆ្នោតជ្រើសរើសជាលើកដំបូង កាលពីខែមេសាឆ្នាំ ២០១៣កន្លងទៅនេះ បន្ទាប់ពីមរណភាពរបស់អតីតមេដឹកនាំសង្គមនិយមលោក Hugo Chavez ។ តែនៅពេលនោះលោកបានទទួលសំឡេងគាំទ្រដោយខ្ពស់ជាងដៃគូប្រកួតតិចតួចតែប៉ុណ្ណោះ គឺ១,៦ភាគរយ។ ក្នុងអំឡុងអាណត្តិទី១ ក្រោមការដឹកនាំរបស់លោកស្ថានភាពសេដ្ឋកិច្ចបានជួបឱនភាព ហើយពលរដ្ឋវ៉េណេស៊ុយអេឡាជាច្រើន បានដាក់បន្ទុកទៅលើលោក និងរដ្ឋាភិបាលសង្គមនិយមរបស់លោក។
ជាថ្មីម្តងទៀតលោក Maduro ត្រូវបានជាប់ឆ្នោតក្នុងអាណត្តិទីពីរ ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស់យ៉ាងក្តៅគគុក កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ដោយសារគណបក្សប្រឆាំងបានធ្វើពហិការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ។
សូមជម្រាបថា បេក្ខជនប្រឆាំងជាច្រើននាក់ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោត ខណៈពេលដែលបេក្ខជនខ្លះដទៃទៀតបានជាប់ពន្ធធនាគារ ឬត្រូវបង្ខំចិត្តរត់គេចទៅក្រៅប្រទេស ដោយបារម្ភខ្លាចត្រូវជាប់ពន្ធនាគារ។ ហេតុនេះគណបក្សប្រឆាំង បានលើកឡើងថា ការបោះឆ្នោតនេះមិនមានលក្ខណៈសេរី និងយុត្តិធម៌ឡើយ។ លទ្ធផលបោះឆ្នោតមិនត្រូវបានទទួលស្គាល់ដោយសភាជាតិដែលស្ថិតក្រោមការគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡាឡើយ។
* ហេតុអ្វីបានជាវិបត្តិនេះបានមកដល់ចំណុចក្តៅបែបនេះ?
បន្ទាប់ពីត្រូវបានជាប់ឆ្នោតជាលើកទីពីរ នៅក្នុងការបោះឆ្នោតកាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ លោកម៉ាឌូរ៉ូ បានប្រកាសថា លោកនឹងបន្តកាន់អំណាចសម្រាប់រយៈពេលដែលសេសសល់ក្នុងអាណត្តិទី១ បន្ទាប់មកទើបស្បថចូលកាន់ដំណែងក្នុងអាណត្តិទី២ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។
ក្រុមប្រឆាំងបានអះអាងថា លោក Nicolás Maduro កំពុងព្យាយាមក្តោបក្តាប់អំណាចតាមរយៈការបោះឆ្នោតក្លែងបន្លំ។ សភាជាតិបានលើកឡើងថា ដោយសារតែការបោះឆ្នោតមិនយុត្តិធម៌ ហេតុនេះលោក Maduro គឺជា «ជនកាន់អំណាចដោយភាពខុសច្បាប់» ហើយតំណែងប្រធានាធិបតី គឺកំពុងស្ថិតនៅចន្លោះទំនេរ។ បញ្ហានេះជំរុញឱ្យប្រធានសភាជាតិ វ័យ៣៥ឆ្នាំ លោក Juan Guaidó បានឆ្លៀតឱកាសដណ្តើមប្រជាប្រិយភាព។
តាមរយៈមាត្រា ២៣៣ និង៣៣៣ ក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវ៉េណេស៊ុយអេឡា អង្គនីតិប្បញ្ញត្តិបានចែងថា ក្នុងករណីប្រទេសជួបស្ថានភាពបែបនេះប្រធានសភាជាតិ ទទួលដំណែងជាប្រធានាធិបតីស្តីទី។ នោះហើយជាមូលហេតុដែលលោក Guaido ប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
* តើមនុស្សមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពនេះ?
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ជាផ្លូវការថា លោក Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់វេណេហ្សូអេឡានៅប៉ុន្មាននាទីក្រោយពីលោក Juan Guaidó បាននិយាយថានឹងដណ្តើមអំណាចយកមកកាន់ក្នុងដៃ។ ឥរិយាបថនេះ ជំរុញឱ្យលោក Maduro និយាយថា មិនមែនជារឿងប្លែកនោះទេ សហរដ្ឋអាមេរិកតែងស្ថិតនៅពីក្រោយការប៉ុនប៉ងដើម្បីទម្លាក់លោកចេញពីដំណែងជាយូរណាស់មកហើយ។
លោក Maduro បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយទុកពេលឱ្យទូតអាមេរិក ប្រចាំនៅប្រទេសវ៉េណេហ្ស៊ូអេឡា ត្រឹម៧២ម៉ោងក្នុងការចាកចេញពីប្រទេសរបស់លោក។
នៅវ៉េណេហ្ស៊ូអេឡា ខណៈដែល ពួកប្រឆាំងរដ្ឋាភិបាល បានអបអរសាទរចំពោះចលនារបស់លោក Guaidóមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេនឹងការពារប្រធានាធិបតីពី «ការគំរាមកំហែងរបស់ពួកចក្រពត្តិនិយម»។
* តើអ្វីកើតឡើងបន្ទាប់?
លោក Juan Guaidó បានអំពាវនាវដល់គ្រប់អ្នកប្រឆាំងប្រធានាធិបតី Maduro និងរដ្ឋាភិបាលរបស់លោកឱ្យបន្តធ្វើការតវ៉ា «រហូតទាល់តែប្រទេសត្រូវបានរំដោះ»។ លោក Juan Guaidóក៏បានអំពាវនាវដល់អ្នកគាំទ្ររបស់លោកឱ្យ បន្តដាក់សម្ពាធលើរដ្ឋាភិបាល ខណៈដែលលោក Guaidó ពឹងផ្អែកការគាំទ្រពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអាមេរិកឡាទីន ព្រមទាំងមេដឹកនាំដទៃទៀតដើម្បីទម្លាក់អតីតប្រធានាធិបតី។ ថ្វីត្បិតលោកជាប្រធានសភាជាតិ ប៉ុន្តែអង្គនីតិបញ្ញត្តិនេះត្រូវបានគេបង្ហាញថា គ្មានអំណាចឡើយដោយសារស្ថាប័ននេះ ត្រូវបានបង្កើតឡើងផ្តាច់មុខ ដោយមនុស្សដែលមាននិន្នាការនយោបាយតែម្ខាង។
* តើនរណាអាចបំបែកភាពជាប់គាំងបាន?
កងកម្លាំងសន្តិសុខត្រូវបានគេមើលឃើញថា ជាអ្នកដើរតួសំខាន់ក្នុងការដោះស្រាយវិបត្តិនេះ។ រហូតមកដល់ពេលនេះពួកគេនៅតែបន្តស្មោះត្រង់ចំពោះលោក Maduro ដែលបានផ្តល់ការលើកទឹកចិត្តដល់ពួកគេតាមរយៈការដំឡើងប្រាក់ខែជាញឹកញាប់ ព្រមទាំងផ្តល់តំណែង និងរោងចក្រឧស្សាហកម្មសំខាន់ៗដល់មន្ត្រីយោធាជាន់ខ្ពស់ៗនានា។
វេណេហ្ស៊ូអេឡា ដំឡើងដំណែងទាហានចំនួន១៦៩០០នាក់ ដែលបានបង្ហាញ «ភក្ដីភាព» ចំពោះលោក បន្ទាប់ពីព្រឹត្តិការណ៍នៃថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។ ដោយឡែកលោក Guaidó បានសន្យាថា យោធាទាំងអស់នឹងត្រូវបានលើកលែងទោស ប្រសិនបើពួកគេផ្តាច់ខ្លួនចេញពីប្រធានាធិបតី Maduro។
* តើអ្វីជាបញ្ហាប្រឈមធំបំផុត?
បញ្ហាប្រឈមធំបំផុតដែលវេណេហ្ស៊ូអេឡាជួបប្រទះ បច្ចុប្បន្នគឺអតិផរណា។ យោងតាមការសិក្សាដោយសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានឱ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំ ឈានដល់ ១៣០០០០០ % ក្នុងរយៈពេល១២ខែ។ នៅចុងឆ្នាំ ២០១៨ តម្លៃទំនិញបានកើនឡើងជាមធ្យមទ្វេដងរៀងរាល់១៩ថ្ងៃ។ ចំណុចនេះបានធ្វើឱ្យប្រជាជនវេណេហ្ស៊ូអេឡា ជាច្រើនមានការលំបាកក្នុងការទិញទំនិញដូចជាអាហារ និងផលិតផលផ្សេងៗ។
ជាក់ស្តែងតម្លៃនៃកាហ្វេមួយពែងនៅរដ្ឋធានីការ៉ាកា បានកើនទ្វេដងគឺស្មើនឹង៤០០Blivars (០,៦២ដុល្លារ) នៅក្នុងចន្លោះពេលមួយសប្តាហ៍ចុងក្រោយនៃខែធ្នូ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
* តើរដ្ឋាភិបាលធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបវិបត្តិនេះ?
កាលពីខែសីហាឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋាភិបាលបានកាត់ចោលសូន្យប្រាំលេខ ចេញពីរូបិយប័ណ្ណ Bolivar ចាស់ ហើយបានឱ្យឈ្មោះក្រដាសប្រាក់ថ្មីថា «sovereign bolivar»។ នេះមានន័យថាមនុស្សលែងមានសាច់ប្រាក់ក្នុងតួលេខច្រើនដូចមុនទៀតឡើយ។ ប្រជាជនវេណេហ្ស៊ូអេឡា បានរៀបចំដុតលុយវេណេហ្ស៊ូអេឡាចាស់ នៅចុងឆ្នាំ ២០១៨។ ការបង្កើនរូបិយប័ណ្ណថ្មី គឺជាផ្នែកមួយនៃ «កញ្ចប់សេដ្ឋកិច្ច» នៃវិធានការណ៍ដែលរដ្ឋាភិបាលនិយាយថាជា "រូបមន្តវេមន្ត" ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡាឡើងវិញ។ ក្នុងចំណោមវិធានការទាំងនោះមានដូចជា៖
ការដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់ទៅ៣៤ដង ចាប់ពីថ្ងៃទី០១ ខែកញ្ញា។ ការបោះជំហានទៅមុខប្រាក់ថ្មី sovereign bolivar។ ទោះជាយ៉ាងណាក៏ដោយ តម្លៃរូបិយប័ណ្ណបានបន្តធ្លាក់ចុះ ចាប់តាំងពីការចាប់ផ្តើមហើយការតំឡើងប្រាក់ឈ្នួលខ្ពស់កក់ពពក ដែលនាំឱ្យមានសំណួរថាតើ ការវិធានការណ៍ទាំងនេះមានប្រសិទ្ធិភាពដែរឬយ៉ាងណា?