(តេហេរ៉ង់)៖ យោធាអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះ បានបង្ហាញមីស៊ីលជំនាន់ថ្មីមួយដែលអាចបាញ់ បានចំងាយ ១,៣០០គីឡូម៉ែត្រនាឱកាសពិធីប្រារព្ធខួបលើកទី ៤០ នៃទិវាបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាម៉ឺ ហាតាមី (Amir Hatami) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាមួយរយៈចំងាយបាញ់បាន ១,៣០០គីឡូម៉ែត្រ... មីស៊ីលជំនាន់ថ្មីនេះត្រូវការរយៈពេលខ្លីក្នុងការបាញ់ចេញ ហើយវាអាចហោះនៅរយៈកម្ពស់ទាប»។ លោករដ្ឋមន្ត្រីបានបន្តថា មីស៊ីលនេះមានឈ្មោះថា ហូវ៉ៃហ្សេហ៍ (Hoveizeh) និងលក្ខណៈដូចគ្នានឹងមីស៊ីល សោម៉ា (Soumar) ដែលត្រូវបានបង្ហាញជាលើកដំបូងកាលពីឆ្នាំ ២០១៥។
គួរបញ្ជាក់ថា ការបង្ហាញមីស៊ីលនេះធ្វើឡើងក្នុងពិធីប្រារព្ធខួបលើកទី ៤០ នៃទិវាបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកុម្ភៈជារៀងរាល់ឆ្នាំ និងបន្ទាប់ពីសហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថា កំពុងលួចលាក់ផលិតមីស៊ីលនុយក្លេអ៊ែរដែលមានសមត្ថភាពអាចបាញ់ដល់ផ្នែកខ្លះនៃទឹកដីអឺរ៉ុប៕