(ការ៉ាកាស់)៖ ប្រជាជនវេណេស៊ុយអេឡាបានបង្ហាញពីក្ដីសង្ឃឹមថា នឹងមានដំណោះស្រាយសន្តិភាពមួយសម្រាប់វិបត្តិនយោបាយ បច្ចុប្បន្នព្រមទាំងរំពឹងដែរថា នឹងមិនមានឡើយអន្តរាគមន៍យោធាពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
វេណេស៊ុយអេឡាកំពុងប្រឈមមុខនឹងវិបត្តិមានប្រធានាធិបតី ២ បន្ទាប់ពីមេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ បានប្រកាសតែងតាំង ខ្លួនឯងជាប្រធានាធិបតីស្ដីទី ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងលោកខាងលិច ខណៈប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ទទួលបានការគំាទ្រយ៉ាងរឹងមាំពីចិន និងរុស្ស៊ី។ តែទោះជាយ៉ាងនេះក្ដី ប្រជាជនវេណេស៊ុយអេឡាមួយចំនួន ដូចជានិស្សិតឈ្មោះ ល្វីស ហ្គនហ្សាឡេស (Luis Gonzalez) បានបញ្ជាក់ប្រាប់ស៊ីនហួរថា លោកមិនចង់ឃើញមានការលូកដៃ ឬក៏ការធ្វើអន្តរាគមន៍យោធាចូលក្នុងប្រទេសរបស់លោកឡើយ។
ដោយឡែកពលរដ្ឋវេណេស៊ុយអេឡាម្នាក់ទៀតឈ្មោះ អាឡិចស៊ីស រ៉ាម៉ុន ម៉េស (Alexis Ramon Maiz) ដែលជាអ្នកលក់ដូរក្នុងទីក្រុងការ៉ាកាស់ម្នាក់ ក៏បានបញ្ចេញយោបល់ស្រដៀងគ្នានេះដែរ។ លោកបានអះអាងយ៉ាងដូច្នេះថា «យើងចង់បានសនិ្តភាពហើយក៏សង្ឃឹមថា ប្រជាជនវេណេស៊ុយអេឡាទាំងអស់អាចរស់នៅចាត់ទុកគ្នាដូចជាបងប្អូនបង្កើត ក្រោមសន្តិភាពតែមួយ»។
គួរជម្រាបថា ក្រោយមានសេចក្ដីរាយការណ៍ពីការធ្វើរដ្ឋប្រហារ និងគម្រោងឈ្លានពានរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ លោក ម៉ាឌូរ៉ូ បានទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាជាច្រើន ដើម្បីត្រៀមរៀបចំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ។ បន្ថែមពីនេះគំរោងធ្វើរដ្ឋប្រហារធំមួយក៏ត្រូវបានបង្ក្រាបទាន់ពេលផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអតីតមន្ត្រីយោធាមួយចំនួន ត្រូវបានចាប់ខ្លួន៕