(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវនៃទីភ្នាក់ងារអវកាសអាមេរិក NASA បានឲ្យដឹងថាក្រហូង (រណ្តៅ) អាថ៌កំបាំងមួយ កំពុងតែរីកធំឡើងយ៉ាងឆាប់រហ័សនៅប៉ូលខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យាសាស្រ្ត NASA បានរកឃើញក្រហូងធំមួយមានទំហំប្រហាក់ប្រហែលនឹងពីរភាគបីនៃសង្កាត់ Manhattan នៃក្រុងញូយ៉កសហរដ្ឋអាមេរិក នៅពីខាងក្រោមផ្ទាំងទឹកកកយក្សមួយ នៅឯទ្វីបអង់តាក់ទិក។ អង្គការ NASA បានបញ្ជាក់ថា នេះគឺជារំបកគំហើញគួរជាទីព្រួយបារម្ភមួយ ដែលបង្ហាញឲ្យឃើញថា ផ្ទាំងទឹកកកនៅតំបន់ប៉ូលខាងត្បូងនៃភពផែនដីយើង កំពុងតែរលាយក្នុងកម្រិតយ៉ាងឆាប់រហ័ស។
ក្រហូងខាងលើត្រូវបានរកឃើញនៅផ្នែកខាងក្រោមនៃផ្ទាំងទឹកកកយក្ស Thwaites នៅភាគខាងលិចទ្វីបអង់តាក់ទិក ដែលមានទំហំធំស្មើរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ហើយប្រសិនបើវារលាយទាំងស្រុងវិញនោះ អាចធ្វើឲ្យកម្ពស់ទឹកសមុទ្រកើនឡើងប្រមាណជាជាងកន្លះម៉ែត្រ នៅទូទាំងពិភពលោក។
គួរជម្រាបថា ខណៈដែលផ្ទាំងទឹកកកនៅតំបន់ប៉ូល កំពុងរលាយក្នុងកម្រិតគួរឲ្យបារម្ភ សហរដ្ឋអាមេរិកបាននិងកំពុងទទួលរង អាកាសធាតុចុះត្រជាក់ខ្លាំងជាងធម្មតា ដោយសារបាតុភូត Polar Vortex រហូតបង្កឲ្យមនុស្សជាង ២០នាក់បាត់បង់ជីវិតថែមទៀតផង៕