(បាងកក)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃម្នាក់បានឱ្យដឹងថា ក្រុមការងារស្ម័គ្រចិត្តសុខាភិបាលតាមភូមិនៅទូទាំងប្រទេសថៃ នឹងធ្វើ យុទ្ធនាការលើកទឹកចិត្តឱ្យប្រជាជនថៃ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ចូលរួមក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុក នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានអគ្គនាយកដ្ឋានសុខាភិបាលថៃ លោក ណាត់ថាវុត ប្រាស៊ឺតស៊ីរីផុង (Natthawut Prasertsiripong) បានបញ្ជាក់ថា ក្រុមការងារស្ម័គ្រចិត្តសុខាភិបាលតាមភូមិ ១.០៥លាននាក់នៅទូទាំងប្រទេស ក្រោមការគ្រប់គ្រងនៃក្រសួងសុខាភិបាលថៃ នឹងធ្វើយទ្ធនាការ «គោះទ្វារ» ដើម្បីលើកទឹកចិត្តក៏ដូចជាជម្រុញឱ្យប្រជាជនថៃ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅទម្លាក់សន្លឹកឆ្នោតរបស់ខ្លួននៅថ្ងៃបោះឆ្នោត។
លោក ណាត់ថាវុត បានបន្ថែមថា យុទ្ធនាការនេះនឹងត្រូវធ្វើឡើងដោយមានការស្នើពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈដែលប្រជាជនថៃ ៥១លាននាក់នៅទូទាំងប្រទេសមានសិទ្ធិបោះឆ្នោតជាមួយការរំពឹងថា អាត្រាអ្នកចូលរួមនឹងមានយ៉ាងហោចណាស់ ៨០ភាគរយ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃបានបង្គាប់ឲ្យមានការបោះឆ្នោតឡើង កាលពីខែមករា កន្លងទៅនេះ ហើយក្រោយមកទើបគណកម្មការបោះឆ្នោតថៃ ប្រកាសថ្ងៃបោះឆ្នោតសកលជាផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះតែម្តង។ ការបោះឆ្នោតត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាចកាលពីខែឧសភា ឆ្នាំ២០១៤៕