(រីយ៉ូ)៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសប្រេស៊ីល បានបញ្ចេញរូបភាពវីដេអូដ៏រន្ធត់មួយជុំវិញគ្រោះថ្នាក់បាក់ទំនប់ទឹកនៅ ភាគខាងត្បូងនៃប្រទេសដែលបានផ្ដាច់ជីវិតមនុស្ស ១១០នាក់ និង ២៣៨នាក់ ទៀតកំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
វីដេអូចេញផ្សាយដោយសា្ថនីយទូរទស្សន៍ TV channel Bandeirantes បានបង្ហាញពីពេលទឹក និងល្បាប់ភក់លេបត្របាក់រោងបាយ របស់ក្រុមហ៊ុនជាម្ចាស់ទំនប់ទឹក ព្រមទាំងផ្ទះសម្បែងប្រជាជននៅក្បែររាប់សិបខ្នង នៅក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) នៃរដ្ឋ មីណាស់ ហ្គែរេស (Minas Gerais)។ ជនរងគ្រោះភាគច្រើនក្នុងមហន្តរាយដ៏អាក្រក់នេះគឺជាបុគ្គលិកនៃក្រុមហ៊ុនរុករករ៉ែ វ៉ាល់ (Vale) ដែលជាម្ចាស់ទំនប់ខាងលើ រីឯការស៊ើបអង្កេតកំពុងធ្វើឡើងនៅឡើយ។
គួរជម្រាបថា ទំនប់រ៉ែខាងលើដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូប ត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល ១២៥ហិកតា។ ដោយឡែកកាលពីថ្ងៃអង្គារ ប៉ូលិសប្រេស៊ីលក៏បានចាប់ខ្លួនមនុស្សចំនួន ០៥នាក់ផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជុំវិញការទទួលខុសត្រូវលើករណីបាក់ទំនប់ទឹកខាងលើនេះ៕