(ម៉ូស្គូ)៖ អឺរ៉ុបត្រូវការទីផ្សារ និងធនធានធម្មជាតិរបស់ប្រទេសរុស្ស៊ីដ៏ធំសម្បើម ដើម្បីជាកម្លាំងទប់ទល់ជាមួយមហាអំណាចចិន និងសហរដ្ឋអាមេរិក ដែលជាយក្សសេដ្ឋកិច្ចធំបំផុតទាំងពីរ នៅលើពិភពលោក។ នេះគឺជាការលើកឡើងរបស់អតីតអធិការបតីអាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
អតីតអធិការបតីអាល្លឺម៉ង់ លោក ហ្គែហាដ ស្ការ៉េដឺ (Gerhard Schroeder) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ ស្ពីជែល (Spiegel) នៅក្នុងសប្ដាហ៍នេះ។ នាឱកាសនោះលោក Schroeder បានពន្យល់យ៉ាងដូច្នេះថា «បើសិនជាពួកយើង (អឺរ៉ុប) ចង់បន្តជីវិតនយោបាយ និងសេដ្ឋកិច្ចប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងចិនយើងមិនអាចធ្វើវាបានដោយគ្មានរុស្ស៊ីនោះឡើយ... ពីព្រោះយើងត្រូវការទីផ្សារ និងធនធានធម្មជាតិពីប្រទេសមួយនេះ»។
លោក Schroeder បានសង្កត់ធ្ងន់ទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិច ដែលឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក ក៏ប៉ុន្តែលោកបានច្រានចោលការអះអាងនេះ នៅពេលសួរដល់ទំនាក់ទំនងជាមួយអឺរ៉ុប។
គួរជម្រាបថា ទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចបានទទួលរងភាពតានតឹងនឹងគ្នាចាប់តាំងឆ្នាំ២០១៤ បន្ទាប់ពីទីក្រុងម៉ូស្គូ ត្រួវបានគេចោទប្រកាន់ថា ក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន និងបានលូកដៃចូលក្នុងជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយចាប់ពីពេលនោះមកដែរ អឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ីជាបន្តបន្ទាប់៕