(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស បានឆ្លើយតបតាមរយៈបណ្តាញសង្គម Twitter របស់លោក ទៅកាន់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ ជាមួយការសន្យាផ្ដល់ជំនួយ ហើយថាអង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ច ដើម្បីបង្កើនជំនួយមនុស្សធម៌ទៅកាន់ប្រជាជនវេណេស៊ុយអេឡា។ នេះបើតាមអ្នកនាំពាក្យ UN ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យ UN លោក ស្ទេហ្វិន ដួហ្សារិច (Stephane Dujarric) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានឆ្លើយតបតាមរយៈបណ្តាញសង្គម Twitter របស់លោក ទៅកាន់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ នៅព្រឹកថ្ងៃសុក្រ សប្តាហ៍នេះ។ បន្ថែមពីលើនេះលោកអគ្គលេខាធិការក៏បានបង្ហាញក្ដីកង្វល់ ចំពោះវិបត្តិនៅវេណេស៊ុយអេឡានាពេលបច្ចុប្បន្ន ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់... ដូច្នេះលោកបានអះអាងថា UN បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនសកម្មភាពរបស់ខ្លួននៅវេណេស៊ុយអេឡា ក្នុងវិស័យមនុស្សធម៌តាមរយៈការផ្ដល់ជំនួយ និងការអភិវឌ្ឍ»។
កលោក ហ្គៃដូ បានបង្ហោះលិខិតមួយលើគណនី Twitter ដែលលោកបានផ្ញើជូនលោក ហ្គូទែរែស នៅក្នុងសប្ដាហ៍នេះដោយបានស្នើឱ្យ UN ធ្វើសកម្មភាពមនុស្សធម៌ជាបន្ទាន់ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីគាំទ្រ និងផ្ដល់ជំនួយជាម្ហូបអាហារ ក៏ដូចជាដោះស្រាយអំពើហិង្សានៅក្នុងប្រទេសរបស់លោក។
គួរបញ្ជាក់ថា លោក Stephane Dujarric នៅលិខិតខាងលើដដែល លោក ហ្គួទែរែស បានសង្កត់ធ្ងន់ទៀតថា អង្គការសហប្រជាជាតិត្រូវការយល់ព្រម និងកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលវេណេស៊ុយអេឡាជាមុនសិន ដើម្បីអាចផ្ដល់ជំនួយដល់វេណេស៊ុយអេឡា។ វិបត្តិនៅវេណេស៊ុយអេឡាកំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិកទទួលស្គាល់មេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ ជាប្រធានាធិបតីស្តីទី និងការដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដើម្បីបង្ខំឲ្យប្រធានាធិបតីរូបនេះ ចុះចេញពីអំណាច៕