(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា សហរដ្ឋអាមេរិកគ្មានផែនការដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរ នៅលើទឹកដីអឺរ៉ុបនោះទេ នៅក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ការលើកឡើងបែបនេះរបស់ មន្ត្រីជាន់ខ្ពស់ផ្នែកប្រឹក្សានយោបាយប្រចាំក្រសួងការពារជាតិអាមេរិក លោក ដេវីដ ត្រាច់ថិនប៊ឺក (David Trachtenberg) ធ្វើឡើង នៅក្នុងវេទិកាមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ប្រកាសជាផ្លូវការពីនីតិវិធីនៃការដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញា INF។ លោក Trachtenberg បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានឡើយផែនការ... ដាក់ពង្រាយ ឬបញ្ជូនប្រព័ន្ធមីស៊ីល ឬក៏អាវុធនុយក្លេអ៊ែរទៅកាន់ទ្វីបអឺរ៉ុប ហើយស្ថានភាពបច្ចុប្បន្នក៏មិនដូចគ្នាទៅនឹងកាលៈទេសៈ ដែលនាំឱ្យមានសន្ធិសញ្ញា INF កាលពីឆ្នាំ១៩៨០ នោះឡើយ»។
ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញថា សហរដ្ឋអាមេរិកមានបំណងដាក់ពិភពលោកឱ្យក្រោមផលប្រយោជន៍របស់ខ្លួន និងកំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូល «ការរត់ប្រណាំងសព្វាវុធជាថ្មី» តាមរយៈការដកខ្លួនចេញពី INF នោះ។
គួរជម្រាបថា សន្ធិសញ្ញានុយក្លេអ៊ែរហៅកាត់ថា INF (Intermediate-Range Nuclear Forces Treaty) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់សង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ។ សន្ធសញ្ញានេះបានហាមឃាត់រាល់ការដាក់ពង្រាយ និងផលិតមីស៊ីល បាលិស្ទីកនុយក្លេអ៊ែរដែលអាចបាញ់បានរយៈចំងាយពី ៣១០ម៉ៃល៍ ដល់ ៣,៤០០ម៉ៃល៍ (៤៩៨គីឡូម៉ែត្រ ដល់ ៥៤៧១គីឡូម៉ែត្រ) ឡើងទៅ៕