(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងអះអាងពីបំណងរបស់លោកក្នុងការបិទបញ្ចប់ការលូកដៃរបស់ សហរដ្ឋអាមេរិកនៅក្នុងជម្លោះ ឬសង្រ្គាមនានានៅក្រៅប្រទេស អំឡុងពេលលោកថ្លែងសុន្ទរកថា នៅចំពោះមុខសភាអាមេរិកនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
មន្ត្រីរូបនេះដដែល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា «ដើម្បីការពារសន្តិសុខជាតិអាមេរិក លោកប្រធានាធិបតី ត្រាំ នឹងធ្វើបច្ចុប្បន្នភាពទៅកាន់សភាជាតិ ស្ដីពីគោលនយោបាយការបរទេស និងយោធារបស់លោកនៅជុំវិញពិភពលោក ព្រមទាំងអះអាងពីការប្ដេជ្ញាចិត្តការពារផលប្រយោជន៍អាមេរិក និងបញ្ចប់ការចូលរួមរបស់យើងក្នុងសង្រ្គាមនៅក្រៅប្រទេស»។
គួរបញ្ជាក់ថា កាលពីខែមករា លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើកឡើងដែរថា ក្រុម ISIS នៅក្នុងប្រទេសស៊ីរីត្រូវបានកម្ចាត់ហើយ ដូច្នេះវាដល់ពេលត្រូវដកកងទ័ពអាមេរិកជិត ២,០០០នាក់ មកផ្ទះវិញ។ ប៉ុន្តែការអះអាងរបស់មន្ត្រីអាមេរិកខាងលើ បានកើតមានឡើង នៅចំពេលដែលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនកងទ័ពទៅកាន់ប្រទេសកូឡុំប៊ី ដើម្បី ត្រៀមផ្ដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ៕