(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបំពេញដំណើរទស្សនកិច្ចមួយទៅកាន់ទីស្នាក់ការកងកុម្មង់ដូពិសេសជាតិ (GNB) ជាទីដែលលោកបានអំពាវនាវឱ្យមានការបង្កើនការស៊ើបការណ៍សំងាត់ និងត្រៀមខ្លួនប្រឆាំងនឹង ការធ្វើរដ្ឋប្រហារគ្រប់ទម្រង់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនាឱកាសបំពេញទស្សនកិច្ចនៅឯទីស្នាក់ការ GNB នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូក៏បានសង្កត់ធ្ងន់ផងដែរថាទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ទាំងអស់គួរតែត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងភេរវកម្ម រដ្ឋប្រហារ និងបទឧក្រិដ្ឋគ្រប់ទម្រង់ទាំងអស់។ ប្រធានាធិបតីរូបនេះបានបន្ថែមដូច្នេះថា៖«យើងត្រូវតែបង្កើន និងពង្រឹងប្រព័ន្ធស៊ើបការណ៍សំងាត់ ហើយឈរលើមូលដ្ឋាននេះ យើងត្រូវតែពង្រីកសម្មភាពស៊ើបការណ៍សំងាត់ ព្រោះអ្នកទទួលជ័យជម្នះក្នុងវិស័យនេះ គឺជាអ្នកឈ្នះក្នុងការតស៊ូដើម្បីសន្តិសុខ និងសន្តិភាព»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារវេណេស៊ុយអេឡា លោក Vladimir Padrino Lopez ក៏បានអមដំណើរលោកម៉ាឌរ៉ូដែរ រីឯកងកុម្មង់ដូពិសេស GNB ជាង២,០០០នាក់ សុទ្ធតែបង្ហាញពីការប្ដេជ្ញាចិត្តការពាររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ លោក ម៉ាឌូរ៉ូ បានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាជាច្រើននាពេលថ្មីៗនេះ ស្របពេលសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនឹងត្រូវធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ៕