(អាហ្រ្វិក)៖ ក្រុមឧទ្ទាម Boko Haram បានសម្លាប់មនុស្សយ៉ាងហោចណាស់៦០នាក់ នៅក្នុងការវាយប្រហារដ៏ប្រល័យមួយនៅឯ ទីក្រុង Rann នៃព្រំដែនភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះបើតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អង្គការ Amnesty International បានចាត់ទុកថាការវាយប្រហារ នេះបានសម្លាប់មនុស្សច្រើនបំផុតមួយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។ អង្គការអន្តរជាតិមួយនេះបន្ថែមថាក្រុមសកម្មប្រយុទ្ធ Boko Haram បានជិះម៉ូតូជាច្រើនគ្រឿងកាត់តាមទីក្រុង Rann កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ ដោយបានដុតបំផ្លាញផ្ទះ និងសម្លាប់មនុស្ស យ៉ាងរង្គាល ព្រមទាំងបានបណ្ដេញប្រជាជនជាច្រើនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ កាលពីពាក់កណ្ដាលខែមករា ការវាយប្រហារពីសំណាក់ក្រុម Boko Haram បានបង្ខំឱ្យមនុស្សជាង៩,០០០នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសកាម៉េរូន ហើយ៣០,០០០នាក់ផ្សេងទៀតរត់ទៅកាន់ប្រទេស កាម៉េរូនផងដែរកាលពីចុងខែមករា ខណៈរាប់ពាន់នាក់ភៀសខ្លួននៅប្រទេសឆាដ៕