(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសនាថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកនឹងបញ្ឈប់រាល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងសន្ធិសញ្ញា The Intermediate-Range Nuclear Forces Treaty (INF) ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ បានព្រមានទៀតថាសន្ធិសញ្ញា INF នឹងត្រូវរំលាយចោលទាំងស្រុងតែម្តង ប្រសិនបើរុស្ស៊ីមិនអាចបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាល្មើសនឹងសន្ធិសញ្ញានេះ ពោលគឺទីក្រុងវ៉ាស៊ីនតោនទំនងជាចង់ឲ្យទីក្រុងម៉ូស្គូកម្ទេចចោលរាល់គ្រាប់មីស៊ីល 9M729 និងបរិក្ខាពាក់ព័ន្ធដទៃទៀតដែលរងការចោទប្រកាន់ថាបានរំលោភលើសន្ធិសញ្ញា INF។
គួរជម្រាបថា បើតាម លោករដ្ឋមន្រ្តីការបរទេសអាមេរិក ទីក្រុងម៉ូស្គូមានរយៈពេល០៦ខែ ដើម្បីព្យាយាមស្រោចស្រង់សន្ធិសញ្ញា INF ឡើងវិញ ខណៈទីក្រុងវ៉ាស៊ីនតោនត្រូវចំណាយពេលកន្លះឆ្នាំ ឆ្លងកាត់នីតិវីធីនៃការដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរនេះទាំងស្រុង៕