(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគីនាថ្ងៃសុក្រនេះបានលើកឡើងថា ការលូកដៃជ្រៀតជ្រែកពីបរទេសក្នុងវិបត្តិនយោបាយនៅប្រទេសវេណេស៊ុយអេឡា គឺមិនជារឿងល្អនោះឡើយ ហើយផ្ទុយទៅវិញថែមទាំងអាចបណ្តាលឲ្យមានសង្រ្គាមស៊ីវិលទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តាំងពីដើមមកយើងបាននិយាយហើយថាការធ្វើអន្តរាគមន៍ពីបរទេសគឺមិនជារឿងល្អនិងត្រឹមត្រូវឡើយ ដោយពួកគេមិនត្រឹមពុំអាចផ្តល់ដំណោះស្រាយប៉ុណ្ណោះទេ តែផ្ទុយទៅវិញនឹងធ្វើឲ្យបញ្ហាកាន់តែដុបដាបធ្ងន់ធ្ងរជាងមុនទៅទៀត ហើយថាមិនត្រូវវេណេស៊ុយអេឡាប្រហែលត្រូវអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិលថែមទៀត»។
គួរជម្រាបថា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងស្ថិតក្នុងវិបត្តិនយោបាយដ៏តានតឹង បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលជាប្រធានសភាផងដែរនោះ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីននេះកាលពីសប្តាហ៍មុន ហើយត្រូវបានអាមេរិកនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចេញមុខទទួលស្គាល់ភ្លាមៗ៕