(តូក្យូ)៖ អ្នកបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភខ្លាចក្រែងកើតមានគ្រោះមហន្តរាយរលកយក្ស ស៊ូណាមិកើតឡើងជាថ្មី បន្ទាប់ពីត្រីមួយក្បាលហៅថា oarfish ឡើងមកលើផ្ទៃទឹក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីថ្ងៃចន្ទកន្លងទៅ ត្រីឈ្មោះ oarfish (ត្រីនាគ) មានប្រវែងជិត ៤ម៉ែត្រ បានងាប់ក្រោយជាប់ម៉ងរបស់អ្នកនេសាទនៅក្បែរតំបន់កំពង់ផែ Imizu ស្ថិតនៅភាគខាងជើងឆ្នេរនៃខេត្ត Toyama។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ការប្រទះឃើញត្រីប្រភេទនេះនៅលើផ្ទៃទឹកមិនមែន ជារឿងធម្មតានោះទេសម្រាប់ប្រជាជនមួយចំនួន។
ពួកគេយល់ថា វាគឺជាសញ្ញាណអាក្រក់ ឬអាចមានគ្រោះហន្តរាយណាមួយនឹង កើតឡើងក្នុងពេលអនាគត បើសិនជាប្រទះឃើញត្រីប្រភេទនេះនៅលើផ្ទៃទឹក ឬតំបន់ទឹករាក់ព្រោះ oarfish គឺជាប្រភេទសត្វរស់នៅក្រោមបាតសមុទ្រទឹកជ្រៅ និងកម្រឡើងមកលើផ្ទៃទឹកណាស់។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញសញ្ញាណថា នឹងមានគ្រោះរលកយក្សស៊ូណាមិនឹងកើតឡើងនោះទេ។
គួរជម្រាបថា កាលពីឆ្នាំ២០១០ ត្រី oarfish ចំនួន ១០ក្បាលត្រូវបានគេប្រទះឃើញនៅផ្ទៃទឹកនៃតំបន់ឆ្នេរភាគខាងជើងប្រទេសជប៉ុន ហើយនៅខែមីនា ឆ្នាំ២០១១ មហាគ្រោះមហន្តរាយរលកយក្សស៊ូណាមិដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៩.០រ៉ិចទ័រ បានវាយប្រហារលើប្រទេសជប៉ុន ដោយបានផ្ដាច់ជីវិតមនុស្សជិត ១៩,០០០នាក់៕