(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នៅថ្ងៃសុក្រនេះបាននិយាយថា យោធារុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារសន្តិសុខប្រទេសជាតិ ខណៈអាវុធលឿនជាងសំឡេងស៊េរីថ្មី ដែលទើបផលិតបានដោយជោគជ័យ អាចទប់ស្កាត់រាល់ ការគំរាមកំហែងក្នុងករណីសហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ២០១៩។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក Ryabkov បានបន្ថែមយ៉ាងដូច្នេះថា «ខ្ញុំគិតថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF មិនចៀសផុតឡើយ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោក John Bolton ក៏នឹងមិនកែប្រែការសម្រេចចិត្តនេះដែរ... ល្បែងមួយនេះបានចាប់ផ្ដើមហើយ ដូច្នេះទីក្រុងវ៉ាស៊ីនតោននឹងច្រានចោល រាល់ទំនាក់ទំនងទាំងឡាយ (ជាមួយរុស្ស៊ី) ដើម្បីពិភាក្សាពីបញ្ហានេះឡើងវិញ»។
គួរជម្រាបថា កាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានធ្វើតេស្ដដោយជោគជ័យ នូវអាវុធជំនាន់ថ្មីឈ្មោះ អាវ៉ាងហ្គាដ (Avangard) ដែលមានល្បឿនលឿងជាងសំឡេង ២៧ដង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់បានចំងាយច្រើនជាង ៦,០០០គីឡូម៉ែត្រ។ ម្យ៉ាងវិញទៀតការប្រកាសពីជោគជ័យនេះ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងពីបំណងចង់ដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយចោទថា ទីក្រុងម៉ូស្គូរំលោភលើសិទ្ធិសញ្ញានេះ៕