(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជិវិត ដោយសារតែអាកាសធាតុចុះត្រជាក់ប្លែកខ្លាំងពីធម្មតា ដែលបាននិងកំពុងធ្វើឲ្យតំបន់កណ្តាលភាគខាងជើង (Midwest) អាមេរិកស្ថិតក្នុងសភាពសក្បុស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
អាជ្ញាធរនៅតាមរដ្ឋនៃតំបន់ខាងលើ បានភ្ជាប់ករណីមនុស្សស្លាប់ទាំងនេះទៅនឹងការធ្លាក់ចុះសីតុណ្ហភាព ដែលប្រៀបដូចជានៅតំបន់ប៉ូល។ តួលេខអ្នកបាត់បង់ជិវិតបានកើនឡើងពីតួលេខមុនចំនួន ១២នាក់ បន្ទាប់ពីមនុស្សយ៉ាងតិច ០៩នាក់ទៀតត្រូវគេរាយការណ៍ថា បានស្លាប់នៅទីក្រុងឈីកាហ្គោ (Chicago) ដោយសារតែការរងរបួសទាក់ទងនឹងអាកាសធាតុដ៏ត្រជាក់បែបនេះ។
គួរជម្រាបថា ស្ថានភាពអាកាសធាតុគួរឲ្យព្រួយបារម្ភ កំពុងបន្តបង្កជាហានិភ័យខ្លាំងចំពោះជនគ្មានទីជ្រកកោន និងជនចាស់ជរា ខណៈសីតុណ្ហភាពនៅកន្លែងខ្លះបានចុះដល់ជិត -៥០អង្សាសេ៕