(យ៉ាងហ្គន)៖ មេធាវីការពារក្ដីឱ្យអ្នកសារព័ត៌មាន Reuters ០២នាក់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ០៧ឆ្នាំ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ប្ដឹងឧទ្ធរណ៍នៅថ្ងៃសុក្រនេះ ទៅកាន់តុលាការកំពូលប្រឆំាងនឹងសាលក្រមសម្រេចនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមពាក្យបណ្ដឹងឧទ្ធរណ៍នេះ ប៉ូលិសមីយ៉ាន់ម៉ាគ្មានភស្ដុងតាមគ្រប់គ្រាន់បញ្ជាក់ថា អ្នកសារព័ត៌មានទាំង ០២នាក់ មានទោសដូចការចោទប្រកាន់ ពីបទរំលោភលើច្បាប់កិច្ចការសំងាត់ជាតិឡើយ។ ពាក្យបណ្ដឹងដដែលបានឱ្យដឹងយ៉ាងដូច្នេះថា «ពាក្យបណ្ដឹងរបស់យើងបានស្នើឱ្យតុលាការកំពូលផ្ដល់យុត្តិធម៌ឡើងវិញឱ្យលោក វ៉ា ឡូណេ (Wa Lone) និងលោក ក្យរ សឿអុ (Kyaw Soe Oo) ហើយបញ្ជាក់ពីកំហុសនៃការកាត់ទោសដោយតុលាការជាន់ទាប ក៏ដូចជាដោះលែងអ្នកសារព័ត៌មានរបស់យើងជាបន្ទាន់»។
គួរជម្រាបថា លោក Wa Lone មានអាយុ ៣២ឆ្នាំ និងលោក Kyaw Soe Oo មានអាយុ ២៨ឆ្នាំ ត្រូវបានតុលាការជាន់ទាបមីយ៉ាន់ម៉ា ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ០៧ឆ្នាំកាលពីខែកញ្ញា ឆ្នាំ២០១៨ រំលោភលើច្បាប់កិច្ចការសំងាត់ជាតិ ជុំវិញការស៊ើបអង្កេតរបស់ពួកគេលើ ការសម្លាប់រង្គាលជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។ ការសម្រេចចិត្តនេះទទួលរងការរិះគន់ និងថ្កោលទោសយ៉ាងខាំ្លងពីសំណាក់អន្តរជាតិ ដែលកំពុងមើលឃើញពីភាពយឺតយ៉ាវ ក្នុងដំណើរការឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ៕