(ប៉ារីស)៖ ប៉ូលិសបារាំង 0២នាក់ ត្រូវបានតុលាការរកឃើញថា មានទោសកំហុសក្នុងករណីរំលោភផ្លូវភេទលើស្ត្រីទេសចរជនជាតិកាណាដាម្នាក់ក្នុងទីស្នាក់ការប៉ូលិសទីក្រុងប៉ារីស កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ូលិសទាំង ០២នាក់ខាងលើគឺ លោក នីកូឡាស រឺឌូអង់ (Nicolas Redouane) និងលោក អង់ទ័ន គីរ៉ាង (Antoine Quirin) ត្រូវបានតុលាការមួយក្នុងទីក្រុងប៉ារីស ផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ០៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈស្ត្រីទេសចរជនជាតិកាណាដាឈ្មោះ អេមីលី ស្ពែនតុន (Emily Spanton)។ អ្នកនាង Spanton មានអាយុ ៣៩ឆ្នាំបានប្រាប់អង្គសវនាការនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រូបនាងត្រូវបានគេអញ្ជើញឱ្យទៅទស្សនាទីស្នាក់ការប៉ូលិសទីក្រុងប៉ារីស បន្ទាប់ពីរូបនាងបានស្គាល់មន្ត្រីប៉ូលិសទាំង ០២នាក់នៅក្នុងបាមួយកន្លែង។ ប៉ុន្តែពេលទៅដល់ស្រាប់តែត្រូវបានគេរំលោភតែម្ដង។
តែទោះជាយ៉ាងនេះក្ដី លោក Redouane និងលោក Quirin ដែលជាអតីតសមាជិកកងកម្លំាងប៉ូលិសបារាំងប្រឆាំងឧក្រិដ្ឋកម្ម នៅតែអះអាងថា ខ្លួនគ្មានកំហុសអ្វីទាំងអស់ ព្រោះរូបនាងបានយល់ព្រមរួមភេទជាមួយពួកគេ ដោយគ្មានការបង្ខិតបង្ខំឡើយ។
គួរបញ្ជាក់ថា ទីស្នាក់ការប៉ូលិសទីក្រុងប៉ារីសមានទីតាំងស្ថិតនៅតំបន់កេ ដេ អ័កហ្វែវ (Quai des Orfèvres) ក្នុងទីក្រុងប៉ារីស និងឈ្មោះល្បីល្បាញ ដោយសារតែត្រូវបានគេយកធ្វើជាទីតាំងថតខ្សែភាពយន្ដ និងអក្សរសិល្ប៍បែបឧក្រិដ្ឋកម្មរបស់បារាំង៕