(ញូដេលី)៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់ និងផ្តាច់ជីវិតអាកាសយានិកពីរនាក់ នៅទីក្រុង ប៊ែងហ្គាលូរូ (Bengaluru ឬ Bangalore) នៃរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមការអះអាងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌា យន្តហោះចម្បាំងផលិតឡើងដោយបារាំងធុន Mirage ដែលលឿនជាងសំឡេងមួយគ្រឿង បានធ្លាក់នៅក្នុងបរិវេណព្រលានយន្តហោះមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតយន្តហោះឥណ្ឌា ហិណ្ឌូស្តង់ (Hindustan Aeronautics Limited) ហើយហេតុការណ៍នេះបានបង្កឲ្យមានផ្សែងភ្លើងខ្មៅទ្រុប អណ្តែតឡើងយ៉ាងកញ្ជ្រោលទៅលើផ្ទៃមេឃ។
គួរជម្រាបថា ជាលទ្ធផលអាកាសយានិកម្នាក់ របស់យន្តហោះចម្បាំងខាងលើបានស្លាប់ភ្លាមៗ រីឯម្នាក់ទៀតត្រូវគេរាយការណ៍ថា ដំបូងបានទទួលរងរបួសធ្ងន់ ហើយបន្ទាប់មកក៏បាត់បង់ជីវិតដែរ។ ដោយឡែកមូលហេតុនៅពីក្រោយការណ៍ធ្លាក់ មិនទាន់ត្រូវអាជ្ញាធរបញ្ជាក់ឲ្យដឹងនៅឡើយនោះ ប៉ុន្តែគេសង្ស័យថា វាអាចមកពីកំហុសពីឡុតផ្ទាល់ ឬក៏មកពីបញ្ហាបច្ចេកទេសរបស់យន្តហោះ។ យន្តហោះ Mirage ខាងលើនេះ ឥណ្ឌាបានទិញពីបារាំងនៅអំឡុងទសវត្សរ៍១៩៩០ ដោយក្នុងមួយគ្រឿងតម្លៃ ២៣លានដុល្លារអាមេរិក៕