(វ៉ាស៊ីនតោន)៖ បណ្ដាញទំនាក់ទំនងសង្គមយក្សអាមេរិក Facebook និង Twitter បានឱ្យដឹងថា ខ្លួនបានបិទ ឬលុបចោលគណនី និង Pages រាប់រយដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅលើប្លុកមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយកគោលនយោបាយសន្តិសុខព័ត៌មានវិទ្យារបស់ Facebook លោក ណាថានីញ៉ែល ឃ្លៃឆឺ (Nathaniel Gleicher) បានបញ្ជាក់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះបានលុបចោល ទំព័រ (pages), គណនី និង groups សរុបចំនួន ៧៨៣ ក្នុងនោះមានជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ក្នុងនោះមាន ២៦២ ជា Pages, ៣៦៥ ជាគណនីបុគ្គល និង groups នានាចំនួន ០៣ ហើយក៏បូករួមទាំងគណនីចំនួន ១៦២ នៅលើ Instagram ផងដែរ។
លោក Gleicher បានបន្ថែមថា pages ទាំងអស់នេះបានចំណាយប្រាក់ ៣០,០០០ដុល្លារ ក្នុងការផ្សាយពាណិជ្ជម្ម និងមានអ្នក Liked សរុបជាង ២លាននាក់។ ដោយឡែកជុំវិញវិធានការដូចគ្នានេះដែរ ក្រុមហ៊ុន Twitter បានបិទគណនីចំនួន ២,៦១៧ មានជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ខណៈ ៤១៨ មកពីរុស្ស៊ី និង ១,៩៦០គណនីទៀត គឺនៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា បើតាមលោក Gleicher គណនី និង Pages ដែលត្រូវបានបិទ និងលុបចេញភាគគឺសុទ្ធតែមានជាប់ទាក់ទិននឹង យុទ្ធនាការពង្រីកឥទ្ធិពលរបស់ រុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ព្រមទាំងចូលរួមចំណែកលើកកម្ពស់ព័ត៌មានមិនពិត និងមិនបង្ហាញ ឬបំភ័ន្ដពីអត្តសញ្ញាណពិតរបស់ខ្លួន៕