(ម៉ូស្គួ)៖ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប លោកស្រី ហ្វែឌែរីកា ម៉ូហ្គែរីនី (Federica Mogherini) បាននិយាយថា សហភាពអឺរ៉ុបបានសម្រេចចិត្តបង្កើតក្រុមការងារអន្តរជាតិមួយ ដើម្បីរកច្រកចេញនៃវិបត្តិ នៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Mogherini បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្ត បង្កើតក្រុមការងារទំនាក់ទំនងអន្តរជាតិមួយ ស្ដីពីវេណេស៊ុយអេឡា ដែលទទួលបានការឯកភាពពីចំណោមរដ្ឋជាសមាជិករបស់យើង ខណៈបណ្ដាប្រទេសអាមេរិកឡាទីនមួយចំនួន នឹងចូលរួមក្នុងក្រុមការងារនេះដែរ»។
លោកស្រី Federica Mogherini បានបន្ថែមថា ក្រុមការងារនេះនឹងត្រួវបាន សម្របសម្រួលដោយសហភាពអឺរ៉ុប ក៏ដូចជានឹងត្រួវធ្វើប្រតិបត្តិការកំណត់ក្នុងរយៈពេល ៩០ថ្ងៃ។ ម្យ៉ាងវិញទៀតបន្ទាប់ពីអស់ កាលកំណត់លទ្ធផលនឹងត្រូវបានវិភាគ និងវាយតម្លៃ ហើយគ្មានភាពជឿនលឿនទេ ក្រុមការងារនេះនឹងត្រូវរំលាយ។
គួរជម្រាបថា បើតាមលោកស្រី Mogherini សម្រាប់ខាងភាគីសហភាពអឺរ៉ុប ប្រទេសដែលនឹងត្រូវចូលរួមក្នុងក្រុមការងារខាងលើរួមមានដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត ហូឡង់ និងចក្រភពអង់គ្លេសជាដើម។ ដោយសារតែសហភាពអឺរ៉ុបមានប្រទេសជាសមាជិកចំនួន ២៧នោះ ដូច្នេះការសម្រេចចិត្តទៅលើការដោះស្រាយវិបត្តិវេណេស៊ុយអេឡា ត្រូវតែធ្វើឡើងជាមតិរួម បើទោះបីជាសមាជិកមួយចំនួនបានបង្ហាញជំហរពួកគេរួចហើយក៏ដោយ៕