(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី​​កាលពីសប្តាហ៍មុននេះ ទើបតែចាប់បាន​សញ្ញា​យន្តហោះ​បរទេស​សរុបចំនួន ២៣គ្រឿង ដែលបានចូលមក​ស៊ើបការណ៍​សម្រាប់​នៅតាម​បណ្តោយព្រំដែន​ភាគខាងលិច ដែលចំនួននេះ​កើនឡើងលើសពី​សប្តាហ៍មុនៗ​ទៅទៀត។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមការបញ្ជាក់បន្ថែមទៀត​ពីសារព័ត៌មានខាងលើ រុស្ស៊ី​បានក៏បាន​បញ្ចេញយន្តហោះ​ចម្បាំង​របស់​ខ្លួនចំនួន ០៤លើកផងដែរ ដើម្បីស្ទាក់​យន្តហោះ​បរទេស​ទាំងនោះ ប៉ុន្តែ​យន្តហោះ​​ទាំងនោះ​ពុំបាន​ឆ្លងព្រំដែន ចូលមកក្នុង​ដែនអាកាស​រុស្ស៊ីនោះ​ឡើយ។ ការ​ចាប់​សញ្ញា​យន្តហោះ​​បរទេសចូលមក​ស៊ើបការណ៍សម្ងាត់​នេះ គឺត្រូវបាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ១៨ ខែមករា មកម្ល៉េះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍​មុននេះ​ក្រុមការងារ​គ្រប់គ្រងដែន​អាកាសរុស្ស៊ី បានចាប់​បាន​សញ្ញា​យន្តហោះ Gulfstream របស់ប្រទេស​ស៊ុយអ៊ែត ហោះហើរនៅលើ​ដែន​សមុទ្រ​បាល់ទិក (Baltic Sea) ដែលស្ថិតនៅ​កៀកព្រំដែនរុស្ស៊ីមែនទែន ប៉ុន្តែ​ពុំ​មាន​ការ​បំពាន​បានកើត​ឡើងនោះ​ឡើយ៕