(អូស្រ្ដាលី)៖ កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានសារភាពថា យន្ដហោះចម្បាំងរបស់ខ្លួនប្រហែលជាបានធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិល ១៨នាក់ នៅក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាម ADF ឧប្បដិហេតុខាងលើបានកើតឡើងនៅក្នុងឆ្នាំ២០១៧ អំឡុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដណ្ដើមទីក្រុង ម៉ូស៊ុល (Mosul) ពីក្រុមភេរវករ ISIS មកវិញ។ ប៉ុន្តែទន្ទឹមគ្នា ADF បាននិយាយថា បច្ចុប្បន្នខ្លួនមិនទាន់បញ្ជាក់ឱ្យប្រកដថា តើកងកម្លាំងអូស្ត្រាលី ឬក៏កងកម្លាំងណាមួយជាអ្នកនៅពីក្រោយ ការសម្លាប់ជនស៊ីវិលនោះទេ។
គួរជម្រាបថា យន្ដហោះចម្បាំងអូស្ត្រាលី F/A-18F Super Hornets ០២គ្រឿងបានទម្លាក់គ្រាប់បែកលើក្រុម ISIS នៅក្នុងតំបន់ទីប្រជុំមួយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមានសំណើពីកងទ័ពជើងគោកអ៊ីរ៉ាក់៕