(វ៉ាស៊ីនតោន)៖ បេសកជនពិសេសអាមេរិក លោក Stephen Biegun បានអះអាងថាទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងព្យាយាម​ឈ្លានពាន ឬផ្លាស់ប្ដូររបបដឹកនាំមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Biegun ក៏បាន បញ្ជាក់ដែរថាទីក្រុងព្យុងយ៉ាបានសន្យាបំផ្លាញចោលនូវរាល់រោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែររបស់ខ្លួនទាំងអស់ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន នឹងពិចារណាលើការផ្ដល់សម្បទាននានា បើសិនជារបបដឹនាំលោកគីម គោរពនិងអនុវត្តតាមសន្យារបស់ខ្លួន។ លោក Biegun បានបន្ថែមដូច្នេះថា៖«លោកប្រធានាធិបតីដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់សង្រ្គាមនេះ...តែយើងមិន មែនកំពុងព្យាយាមឈ្លានពានកូរ៉េខាងជើង ឬក៏ចង់ផ្លាស់ប្ដូររបបដឹកនាំលោក គីម ជុងអ៊ុននោះដែរ»

តែទោះជាយ៉ាងណាក៏ដោយ បេសកជនពិសេសអាមេរិករូបនេះនៅតែសង្កត់ធ្ងនដដែលថាសហរដ្ឋអាមេរិកនឹងមិនបន្ធូរបន្ថយ ឬក៏ដក ទណ្ឌកម្មពីកូរ៉េខាងជើងវិញជាដាច់ខាត បើសិនជាទីក្រុងព្យុងយ៉ាងមិនគោរពតាមសន្យារបស់ខ្លួន។

គួរបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់បានព្រមានជារឿយៗថាការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន មិនអាចជួយអ្វីបានឡើយ ហើយថា ខ្លួននឹងផលិត ក៏ដូចជាបន្តអនុវត្តគោលនយោបាយនុយក្លេអ៊ែរឡើងវិញ បើសហរដ្ឋអាមេរិកនៅតែបង្ខំ និងបន្តដាក់ទណ្ឌកម្មប្រឆាំង នឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង៕