(បាងកក)៖ អាកាសយាន្តដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ ត្រូវបានគេប៉ាន់ស្មានថា នឹងទទួលបាន ក្រុមអ្នកធ្វើដំណើរឆ្លងកាត់ ប្រមាណ២.៦លាននាក់ នៅអំឡុងពេល នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន នាពេលខាងមុខនេះ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
គេបានព្យាករណ៍ថា អាកាសយាន្តដ្ឋានដ៏សំខាន់របស់ថៃនេះ នឹងបម្រើដល់ក្រុមអ្នកធ្វើដំណើរ ប្រមាណ២០០,០០០នាក់ ក្នុងមួយថ្ងៃ នៅអំឡុងពេល ពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ។ ការប៉ាន់ស្មាននេះ បានបង្ហាញថា នឹងមានការកើនឡើង ៣.៣ភាគរយ នៅក្នុងចរាចរនៃអ្នកធ្វើដំណើរ នៅអាកាសយាន្តដ្ឋាន នាអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន, នេះបើតាមសម្តីប្រធានអាកាសយាន្តដ្ឋាន Suthirawat Suwannawat។
ដើម្បីឆ្លើយតបនឹងកំណើនក្រុមអ្នកធ្វើដំណើរនោះ, លោក Suthirawat បានស្នើឲ្យក្រុមអ្នកធ្វើដំណើរ ប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យចូល (Check-In) ដោយស្វ័យប្រវត្តិ ដែលបានដាក់ឲ្យដំណើរការ នៅអាកាសយាន្តដ្ឋាននោះស្រាប់។
ជារួម វានឹងមានជើងហោះហើរចំនួន១៤,៧០៥ជើង នឹងហោះហើរចេញនិងចូល អាកាសយាន្តដ្ឋានសុវណ្ណភូមិ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន នាពេលខាងមុខ ឬក៏មានការកើនឡើង៨ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨៕