(ឈីខាហ្គោ)៖ អាកាសធាតុដ៏ត្រជាក់ខ្លាំងខុសពីធម្មតាបាននិងកំពុងធ្វើឲ្យតំបន់កណ្តាលភាគខាងជើង (Midwest) នៃសហរដ្ឋអាមេរិកធ្លាក់ចុះសីតុណ្ហភាពដល់កម្រិតទាបដូចទៅនឹងតំបន់ប៉ូលខាងត្បូងផែនដីយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ដោយសារតែបែបនេះ ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយសាលារៀននិងហាងលក់ដូរត្រូវបានបិទទ្វារ ខណៈមានក្តីព្រួយបារម្ភកាន់តែកើនឡើងអំពីហានិភ័យនៃការបាត់បង់ជាតិកម្តៅក្នុងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ស្របពេលដែលករណីមនុស្សស្លាប់យ៉ាងហោចណាស់០៨ករណីមកហើយ ត្រូវគេសន្និដ្ឋានថាគឺបណ្តាលមកពីអាកាសធាតុដ៏ត្រជាក់នេះ។
ជុំវិញបញ្ហានេះ អាជ្ញាធរអាមេរិកនៃបណ្តារដ្ឋក្នុងតំបន់ Midwest បានជំរុញឲ្យប្រជាជនស្ថិតនៅក្នុងលំនៅឋាន ប្រសិនបើគ្មានករណីចាំបាច់គឺគួរតែកុំចេញទៅខាងក្រៅ ខណៈការចុះត្រជាក់ខ្លាំងត្រូវគេរំពឹងថានឹងបន្តមកពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលផ្តល់កម្តៅរាប់រយកន្លែងត្រូវបានបើក សម្រាប់អ្នកដែលងាយរងគ្រោះដូចជាជនចាស់ជរាគ្មានទីពឹងជាដើម ហើយរថយន្តក្រុងក៏ត្រូវបានដាក់ឲ្យដំណើរការជាក្លែងផ្តល់កម្តៅចល័តផងដែរ រីឯកន្លែងផ្តល់ទីជ្រកកោនវិញ ត្រូវបានបង្កើនចំណុះសម្រាប់ជនគ្មានផ្ទះសម្បែងរាប់ម៉ឺននាក់។
គួរជម្រាបថា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) សីតុណ្ហភាពបានចុះដល់ជាង-៣០ទៅជិត-៥០អង្សាសេ ដែលវាជាកម្រិតសីតុណ្ហភាពប្រៀបដូចជានៅទ្វីបអង់តាកទិកនៅប៉ូលខាងត្បូងផែនដីយ៉ាងដូច្នោះ៕