(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានរិះគន់ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​របស់លោក​យ៉ាងខ្លាំង​ ​ជាមួយការប្រើប្រាស់​សម្ដីឌឺដង​ឱ្យមេចារកម្មអាមេរិក​ទាំងអស់ ត្រឡប់ទៅរៀន​សាជាថ្មី បន្ទាប់ពីចេញ​របាយការណ៍​មួយ ដែលផ្ទុយទៅ​នឹងការអះអាង​របស់លោក។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter នៅថ្ងៃពុធសប្ដាហនេះ លោក ដូណាល់ ត្រាំ បានលើក​ឡើង​យ៉ាងដូច្នេះថា «ពេលខ្ញុំឡើងកាន់តំណែងជា ប្រធានាធិបតីអាមេរិក អ៊ីរ៉ង់បានបង្កភាបចលាចលនៅទូទាំងតំបន់មជ្ឈិមបូព៌ា...ប៉ុន្តែក្រោយរំសាយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដ៏អាក្រក់រួចមក អ្វីៗកំពុងល្អប្រសើរឡើង។ ដូច្នេះគួរតែប្រយ័ត្នចំពោះអ៊ីរ៉ង់ ហើយនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ទាំងអស់ គួរតែត្រឡប់ទៅរៀនឡើងវិញ»។

គួរបញ្ជាក់ថា ប្រតិកម្ម​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់​ពីក្រុមនាយក​ចារកម្មអាមេរិក​ កាលពីថ្ងៃអង្គារ​បានប្រាប់​ព្រឹទ្ធសភាថា ពួកគេមិនជឿឡើយថាបច្ចុប្បន្ន អ៊ីរ៉ង់កំពុងផលិតអាវុធ​នុយក្លេអ៊ែរ ហើយដែលគឺផ្ទុយ​ទាំងស្រុងទៅនឹងការអះអាង​របស់លោក ត្រាំ រួមរដ្ឋបាល​របស់លោកថា អ៊ីរ៉ង់គឺជាការ​គំរាមកំហែង​នុយក្លេអ៊ែរ៕