(ប៉េកាំង)៖ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យចិន និងរុស្ស៊ីអនុវត្តឱ្យមានតម្លាភាពលើរបាយការណ៍នុយក្លេអ៊ែររបស់ខ្លួន ខណៈទីក្រុងវ៉ាស៊ីនតោនបានព្រមានដកខ្លួន ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Striatstimes នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ លោកស្រី អាន់ឌ្រា ថមសុន (Andrea Thompson) លើកឡើងបែបនេះស្របពេលសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ UN និងជាមហាអំណាចនុយក្លេអ៊ែរទាំង ៥ (ប្រទេសចិន បារាំង អង់គ្លេស រុស្ស៊ី និងសហរដ្ឋអាមេរិក) បានជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំង ប្រទេសចិនស្ដីពីការរំសាយ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ។
លោកស្រី Andrea បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីដំបូងឡើយ យើងបានព្រមព្រៀងគ្នាលើរបៀបវារៈមួយសម្រាប់របាយការណ៍ ប៉ុន្តែគម្លាតនៃ របាយការណ៍របស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី និងចិនមានភាពខុសគ្នាខ្លាំងពេក ដែលធ្វើឱ្យខ្ញុំមិនអាចវាយតម្លៃពីតម្លាភាពបាន... ប៉ុន្តែយើងនឹងបន្តពិភាក្សាគ្នាថា តើត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីពង្រឹងតម្លាភាពនេះឡើងវិញ»។
គួរបញ្ជាក់ថា ក្រុមមន្ត្រីមមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលសុទ្ធតែសមាជិកសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ត្រូវបានកំណត់ឲ្យជួបប្រជុំគ្នាសាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ហើយលទ្ធផលយ៉ាងនោះ នឹងមានការបញ្ជាក់នៅពេលក្រោយកិច្ចប្រជុំបញ្ចប់៕