(វ៉ាស៊ីនតោន)៖ ទីបំផុតបុគ្គលិកទាំងអស់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានត្រឡប់ចូលទៅបំពេញការងារវិញហើយ ក្រោយពីរដ្ឋាភិបាលអាមេរិកបើកទ្វារឡើងវិញ ក្រោយរយៈពេលជាង ០១ខែ ប៉ុន្តែវាប្រហែលត្រូវការពេលយូរគួរសម ដើម្បីឲ្យការប្រតិបត្តិការនានាវិលទៅរកសភាពធម្មតាដូចមុនវិញ ក្រោយពីទទួលរងការប៉ះពាល់គួរឲ្យកត់សម្គាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ក្នុងអំឡុងនៃការបិទទ្វាររដ្ឋាភិបាលអាមេរិក ម៉ាស៊ីនថតសំខាន់ជាងគេនៅលើកែវយឺតអវកាស Hubble បានខូចគាំងដោយសារតែបញ្ហា Hardware ហើយក្រុមវិស្វកររបស់ NASA ត្រូវរង់ចាំទាល់តែរដ្ឋាភិបាលបើកទ្វារវិញ ទើបអាចជួសជុលបញ្ហានេះបាន។ ជាមួយគ្នានេះ ការធ្វើតេស្តបាញ់បង្ហោះលើកដំបូងដោយពុំមានមនុស្សជិះ នៃយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ដែលមានការសហការជាមួយ NASA ក៏ត្រូវបានលើកពេលទៅដល់ខែកុម្ភៈ ផងដែរ។
លើសពីនេះទៀត កិច្ចសហប្រតិបត្តិអន្តរជាតិលើផ្នែកវិទ្យាសាស្ត្របានទទួលរងការប៉ះពាល់ដូចគ្នា តួយ៉ាងប្រព័ន្ធតេឡេស្កូបបំពាក់លើយន្តហោះ Boeing ហៅថា SOFIA ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអាល្លឺម៉ង់ ដើម្បីថតយករូបភាពជាប្រភេទ Infrared នៃភពផែនដី មិនអាចធ្វើប្រតិបត្តិការហោះហើរបាន។ មិនតែប៉ុណ្ណោះវែបសាយចំនួន ៣៥របស់អង្គការ NASA ទាំងមូលត្រូវ Offline (លែងដំណើរការ) ខណៈ NASA កំពុងព្យាយាមធ្វើឲ្យពួកវា Online ឡើងវិញ។
បើប្រធាន NASA លោក Jim Bridenstine ទីភ្នាក់ងារអវកាសនេះអាចត្រូវការពេលវេលាច្រើនជាង ៣៥ថ្ងៃ ដើម្បីវិលទៅរកភាពប្រក្រតីដូចដើមវិញទាំងស្រុង ខណៈដែលការបិទទ្វាររដ្ឋាភិបាលមានរយៈពេលត្រឹម ៣៥ថ្ងៃក៏ដោយ។ លោក Bridenstine បានបញ្ជាក់ថា ការជ្រើសរើសបេសកកម្មបន្ទាប់ទៀតនៃកិច្ចការរុករកទីឋានក្នុងប្រព័ន្ធព្រះអាទិត្យ ក្រោមក្របខណ្ឌនៃកម្មវិធី New Frontiers និង Discovery ប្រហែលត្រូវពន្យារពេល ហើយការធ្វើតេស្តហោះហើរសម្រាប់ Commercial Crew Program ក៏បានលើកពេលរួចជាស្រេចផងដែរ។
ចំណែកទិវារំលឹកការចងចាំដ៏សំខាន់ប្រចាំឆ្នាំរបស់ NASA ដែលគ្រោងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏ត្រូវពន្យារពេលទៅប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈវិញ។ ទិវា Day of Remembrance របស់អង្គការ NASA តែងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការគោរពដល់អវកាសយានិក NASA ចំនួន ១៧នាក់ ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មធំៗ ០៣ របស់ NASA គឺការឆេះយាន Apollo 1 កាលពីឆ្នាំ១៩៦៧ ការបាត់បង់យានប្រភេទ Space Shuttle «Challenger» ឆ្នាំ១៩៨៦ ព្រមទាំងការផ្ទុះយាន Space Shuttle «Columbia» ឆ្នាំ២០០៣៕