(ការ៉ាកាស់)៖ ទណ្ឌកម្មអាមេរិកមកលើវេណេស៊ុយអេឡា នឹងមិនអាចធ្វើឲ្យប្រទេសអាមេរិកឡាទីននេះជាប់គាំង ឬដួលរលំនោះឡើយ ក៏ប៉ុន្តែវានៅតែអាចបង្កជាផលវិបាកផ្សេងៗទៅថ្ងៃមុន។ នេះបើតាមលោក ហិកទ័រ រ៉ូទ្រីហ្គែស (Hector Rodriguez) អភិបាលរដ្ឋ មីរែនដា (Miranda) ភាគខាងជើងវេណេស៊ុយអេឡា ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
លោក Rodriguez បានថ្លែងយ៉ាងដូច្នេះថា «ជារួមការដាក់ទណ្ឌកម្មពីអាមេរិក នឹងពុំអាចបញ្ឈប់យើងបានឡើយ ក៏ប៉ុន្តែអាចធ្វើឲ្យការអភិវឌ្ឍប្រទេសនេះត្រូវការចំណាយកាន់តែច្រើនខ្លាំងឡើងៗ ហើយទន្ទឹមគ្នានេះវាបង្ខំឲ្យពួកយើងត្រូវផ្លាស់ប្តូរបច្ចេកវិទ្យា ព្រមទាំងស្វែងរកដៃគូសហការថ្មីៗ ដោយមិនត្រឹមក្នុងផ្នែកនយោបាយនោះទេ តែក្នុងផ្នែកសេដ្ឋកិច្ចថែមទៀតផង»។
លោកអភិបាលរដ្ឋរូបនេះបានបន្តថា «បច្ចុប្បន្នវេណេស៊ុយអេឡាកំពុងតែឆ្លងកាត់សម័យកាលដ៏លំបាកមួយ ប៉ុន្តែយើងមើលពីជ្រុងមួយដទៃទៀត នេះអាចជាឱកាសមួយសម្រាប់ឲ្យវេណេស៊ុយអេឡា បញ្ចប់ជាស្ថាពរនូវដំណើរការ នៃការរំដោះខ្លួនឲ្យមានសេរីភាព មិនត្រឹមក្នុងន័យនយោបាយប៉ុណ្ណោះទេ តែក្នុងន័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ»។
គួរជម្រាបថា ខណៈពេលនេះប្រទេសវេណេស៊ុយអេឡា កំពុងស្ថិតក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលមេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសតែងតាំងខ្លួនឯងធ្វើជាប្រធានាធិបតីស្តីទី កាលពីថ្ងៃពុធសប្តាហ៍មុន ហើយមានការទទួលស្គាល់ភ្លាមៗពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅប៉ុន្មានថ្ងៃមុននេះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA តាមរយៈការដាក់បម្រាមលើកិច្ចព្រមព្រៀងនានា ជាមួយក្រុមហ៊ុននេះ និងរារាំងខ្ទប់ទ្រព្យសម្បត្តិតម្លៃ ៧ពាន់លានដុល្លាររបស់ PDVSA ថែមទៀត៕