(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះនៅតែពុំទាន់មានការបញ្ជាក់ច្បាស់ពី ទីតាំងសម្រាប់បើកកិច្ចប្រជុំកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅឡើយទេ តែរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅតំបន់អាស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយរបស់សារព័ត៌មានអាមេរិក Fox News លោក ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងបានយល់ព្រមចំពោះកិច្ចប្រជុំជាថ្មីម្តងទៀតរវាងមេដឹកនាំនៃប្រទេសទាំងពីរនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ខណៈទីតាំងគឺស្ថិតនៅក្នុងតំបន់អាស៊ី ហើយប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ទៀតថា ក្រុមការងារត្រូវបានបញ្ជូនសំដៅមកកាន់តំបន់នេះហើយ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។
គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ប៉ុមប៉េអូ ផ្ទាល់ធ្លាប់បានលើកឡើងថា កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និងលោក គីម នឹងកើតមានឡើងក្នុងរយៈពេល ៦០ថ្ងៃ ឬពីរខែខាងមុខ ដែលជាហេតុធ្វើឲ្យមានការយល់ច្រឡំថា ជំនួបនេះនឹងធ្វើឡើងនៅអំឡុងចុងខែមីនាឯណោះវិញ ប៉ុន្តែនាពេលនេះលោកបានបញ្ជាក់ច្បាស់ហើយថា គឺនៅចុងខែកុម្ភៈ។
សម្រាប់ទីតាំងនៃកិច្ចប្រជុំវិញ ត្រូវមនុស្សភាគច្រើនសង្ស័យថា គឺប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលទីក្រុងហាណូយបានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនមិនបានទទួលព័ត៌មានអ្វីពាក់ព័ន្ធនឹងការរៀបចំជំនួបនេះឡើយ ប៉ុន្តែបានបញ្ជាក់ទៅវិញថា វៀតណាមមានភាពជឿជាក់គ្រប់គ្រាន់លើសមត្ថភាពក្នុងការរៀបចំ ព្រឹត្តិការណ៍អន្តរជាតិធំបែបនេះ៕