(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថា វិស័យទេសចរណ៍នៅក្នុងប្រទេសកូរ៉េខាងជើងនឹងមានកំណើន នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែការកើនឡើងនៃការផ្សព្វផ្សាយពីប្រទេសកុម្មុយនិស្ដមួយនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
យោងតាម Global Times ការចូលរួមរបស់ភ្ញៀវទេសចរបរទេស នៅក្នុងព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងម៉ាងយ៉ុងដែ ដណ្តើមពានរង្វាន់អន្តរជាតិ (Mangyongdae Prize International Marathon) លើកទី ៣០ នៅក្នុងទីក្រុងព្យុងយ៉ាងនៅខែមេសាខាងមុខនេះនឹងមានការកើនឡើង ខណៈកាលពី ០៥ឆ្នាំមុន ភ្ញៀវទេសចរបរទេសជាង ១,០០០នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។
សារព័ត៌មានរដ្ឋចិនបានបន្ថែមទៀតថា ទីតាំងដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេរបស់កូរ៉េខាងជើងរួមមានទីលាន គីម អ៊ីលស៊ុង (Kim II-sung Square), វិមាន ជូចេ (the Juche Tower) សារៈមន្ទីរបដិវត្តន៍ ម៉េងយ៉ុងដែ (Mangyongdae Revolutionary Museum) ក្នុងទីក្រុងព្យុងយ៉ាង រួមទាំងភូមិផាន់ម៉ុនចុម (Panmunjom) ជាដើម។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៨ សារព័ត៌មានអង់គ្លេស Guardian បានចេញផ្សាយនូវការសិក្សាស្រាវជ្រាវមួយដែលបញ្ជាក់ថា វិស័យទេសចរណ៍បានជួយរកប្រាក់ឱ្យកូរ៉េខាងជើងជាង ៤៤លានដុល្លារក្នុងមួយឆ្នាំៗ ហើយបើតាមសារព័ត៌មាន Channel News Asia ភ្ញៀវទេសចរបរទេសជាង ១០០,០០០នាក់បានមកទស្សនកូរ៉េខាងជើង ក្នុងមួយឆ្នាំៗដូចគ្នា៕