(វ៉ាស៊ីនតោន)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីនោះ បានឲ្យដឹងថា លោកបានជួបពិភាក្សាគ្នាស្ងាត់ៗជាមួយ មន្ត្រីកងកម្លាំងសន្តិសុខ និងយោធាវេណេស៊ុយអេឡា និងបានស្នើផ្តល់ការលើកលែងទោសដល់ពួកគេ ជាថ្នូរសម្រាប់ការបោះបង់ចោលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា «ការធ្វើអន្តរកាលនឹងតម្រូវឲ្យមានការគាំទ្រពីកម្លាំងយោធាសំខាន់ៗ ខណៈយើងទើបតែបានជួបពិភាក្សាដោយស្ងាត់ៗជាមួយសមាជិកនៃកងកម្លាំងប្រដាប់អាវុធនិងកម្លាំងសន្តិសុខវេណេស៊ុយអេឡា។ ពួកយើងបានស្នើថានឹងផ្តល់ការលើកលែងទោសដល់អ្នកទាំងអស់ ដែលពុំមានជាប់ពិរុទ្ធពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយការដកការគាំទ្ររបស់យោធាចេញពី លោក ម៉ាឌូរ៉ូ នឹងមានសារៈសំខាន់ជាខ្លាំង ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរក្នុងរដ្ឋាភិបាល»។
គួរជម្រាបថា ការប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡារបស់លោក Guaido កាលពីសប្តាហ៍មុន ត្រូវបានទទួលស្គាល់ភ្លាមៗពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន។ ដោយឡែករុស្ស៊ី ចិន និងប្រទេសមួយចំនួនទៀត បានប្រកាសបន្តទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីជាប់ឆ្នោតដោយស្របច្បាប់ព របស់ប្រទេសអាមេរិកឡាទីននេះដដែល ហើយកម្លាំងយោធាវេណេស៊ុយអេឡាក៏បានប្រកាសគាំទ្រ និងប្តេជ្ញាការពារលោក ម៉ាឌូរ៉ូ ផងដែរនាពេលនោះ៕