(គូឡាឡាំពួរ)៖ នៅទីបំផុតព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី បានចូលរួមពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់មួយអាណត្តិរបស់ទ្រង់ដែលមានរយៈពេល ០៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) មកពីរដ្ឋ ផាហាង (Pahang) ត្រូវបានបោះឆ្នោតជ្រើសតាំងជាព្រះមហាក្សត្រម៉ាឡេស៊ីថ្មី កាលពីសប្ដាហ៍មុន ដោយសមាជិកគ្រួសាររាជវង្សនៃប្រទេស បន្ទាប់ពីការប្រកាសដាក់រាជ្យដ៏គួរឱ្យភ្ញាក់ផ្អើល របស់ព្រះមហាក្សត្រអង្គមុនកាលពីពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។
គួរបញ្ជាក់ថា ព្រះចៅ Abdullah បានចូលរួមពិធីស្បថឡើងគ្រងរាជ្យនៅព្រះរាជវាំង ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ ជាអ្នកអានពាក្យសម្បថ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ។ ព្រះចៅ Abdullah មានព្រះជន្មាយុ ៥៩ព្រះវស្សា ត្រូវឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រ មូហាំម៉េដទី ៥ (Muhammad V) មកពីរដ្ឋ ខេឡាន់តាន់ (Kelantan) ក្រោយការសោយរាជ្យបានតែ ០២ឆ្នាំ និងជាព្រះមហាក្សត្រដំបូងគេ ដែលបានដាក់រាជ្យក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី៕