(រីយ៉ូ)៖ អាជ្ញាធរប្រទេសប្រេស៊ីលនាថ្ងៃពុធសប្តាហ៍នេះ បានបន្តប្រាប់ឲ្យដឹងថា ចំនួនសាកសពមនុស្សដែលបានបាត់ជីវិត ក្នុងហេតុការណ៍បាក់ទំនប់ទឹកនាតំបន់រុករករ៉ែមួយកន្លែងនៅរដ្ឋ មីណាស់ ហ្គែរេស (Minas Gerais) ភាគអាគ្នេយ៍បានកើនដល់ ៩៩នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាមិញមនុស្សសរុប ២៥៩នាក់ នៅតែបន្តស្ថិតក្នុងបញ្ជីនៃជនបាត់ខ្លួន ខណៈចំនួនមនុស្សបាត់បង់កន្លែងជ្រកកោនបានកើតពី ១៣៥នាក់ ទៅ ១៧៥នាក់។ ជនរងគ្រោះភាគច្រើនក្នុងមហន្តរាយដ៏អាក្រក់នេះ គឺជាបុគ្គលិកនៃក្រុមហ៊ុនរុករករ៉ែ វ៉ាល់ (Vale) ដែលជាម្ចាស់ទំនប់ខាងលើ។
គួរជម្រាបថា ទំនប់រ៉ែខាងលើដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូប ត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល ១២៥ហិកតា។ ដោយឡែកកាលពីថ្ងៃអង្គារ ប៉ូលិសប្រេស៊ីលក៏បានចាប់ខ្លួនមនុស្សចំនួន ០៥នាក់ផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជុំវិញការទទួលខុសត្រូវលើករណីបាក់ទំនប់ទឹកខាងលើនេះ៕