(ម៉ូស្គូ)៖ សមាជិកសភាបក្សប្រឆាំង និងជាអតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលវេណេស៊ុយអេឡា លោក ចូស ហ្គែរ៉ា (Jose Guerra) បានអះអាងថា «មាសសុទ្ធទម្ងន់ជាង ២០តោន» នៃប្រទេសរបស់លោកត្រូវបានគេដឹកជញ្ជូនតាមយន្ដហោះ ជាសំងាត់ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
លោក Jose Guerra ធ្វើការកត់សម្គាល់បែបនេះ នៅលើសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Guerra បានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានពីក្រុមមន្ត្រីធនាគារកណ្ដាលវេណេស៊ុយអេឡា (BCV) ថាយន្ដហោះមួយគ្រឿង មកទីពីទីក្រុងម៉ូស្គូបានដឹកជញ្ជូនមាសជាង ២០តោន ឬស្មើនឹង ២០ភាគរយនៃទ្រព្យសម្បត្តិ BCV ចេញពីប្រទេសវេណេស៊ុយអេឡា។ ដូច្នេះហើយយើងបានស្នើឱ្យ BCV បញ្ជាក់ថា មានរឿងអ្វីកើតឡើង»។
ក៏ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានច្រានចោលការអះអាងនេះ និងចាត់ទុកថាវាជារឿងមិនពិត ហើយលោកបានជម្រុញឱ្យសាធារណជនកុំស្ដាប់ពាក្យចចាមអារ៉ាមបែបនេះ ខណៈដែលប្រទេសវេណេស៊ុយអេឡាកំពុងតែវឹកវរដោយការលូកដៃរបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីទើបស្បថឡើងកាន់តំណែងអាណត្តិថ្មី។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើត្រូវបានចេញផ្សាយមុនគេ ដោយសារព័ត៌មាន Bloomberg ហើយក្រោយមកត្រូវបានចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានដទៃៗជាច្រើន ជាមួយការអះអាងដូចៗគ្នាថា យន្ដហោះ Boeing 777 មួយគ្រឿងដែលផ្ទុក មនុស្ស ៤០០នាក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បានចុះចតនៅឯអាកាសយានដ្ឋានមួយក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីហោះហើរដោយផ្ទាល់ចេញពីទីក្រុងម៉ូស្គូ៕