(ឡាអេ)៖ ចៅក្រមជាន់ខ្ពស់ម្នាក់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រចាំទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានចៅក្រមតុលាការអន្តរជាតិមួយនេះ ជុំវិញការស៊ើបអង្កេតលើការចោទ ប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។
លោកចៅក្រម គ្រីស្តូប ហ្វ្លាក់ហ្គេ (Christoph Flügge) បានបំពេញការងារឱ្យ ICC តាំងតែពីឆ្នាំ២០០៨ មកម្ល៉េះ។ លោក Flügge បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ ហ្សេត (Zeit) ថា លោកសម្រេចចិត្តលាលែងចេញពីតំណែង ក្រោយមានការព្រមានពីក្រុមមន្ត្រីអាមេរិក ក្នុងនោះរួមមានទាំងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដែលធ្លាប់បាននិយាយដោយបើកចំហ ពីការដាក់ទណ្ឌកម្មលើចៅក្រម ICC ដែលហ៊ានស៊ើបអង្កេតលើសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្គានីស្ថាន។
លោក Flügge បានគូសបញ្ជាក់ដូច្នេះថា «បើសិនជាចៅក្រមណាម្នាក់បើកការស៊ើបអង្កេតលើជនជាតិអាមេរិក នោះរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថា ចៅក្រមតុលាការអន្តរជាតិមួយនេះ មិនអាចចូលសហរដ្ឋអាមេរិក ឬក៏អាចប្រឈមមុខនឹងច្បាប់របស់សហរដ្ឋអាមេរិក... ពីព្រោះពួកគេគិតថា ខ្លួនខ្លាំងលេខមួយនៅលើពិភពលោក និងអង្គុយពីលើច្បាប់»។
គួរបញ្ជាក់ថា លោក Christoph Flügge គឺជាចៅក្រមម្នាក់ដែលបានចូលរួម ក្នុងការស៊ើបអង្កេតបឋមលើការចោទប្រកាន់ថា យោធាអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA បានធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ លើអ្នកទោសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕