(ជប៉ុន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន ទំនងជាបានប្រទះឃើញថ្មអវកាសមួយដុំ មានទំហំមុខកាត់ជាងមួយគីឡូម៉ែត្រ នៅឯចុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើប្រហែលជាបានប្រទះឃើញដុំថ្មអវកាសមួយ មុខកាត់ប្រវែង១.៣គីឡូម៉ែត្រ នៅតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ដែលជាបណ្តុំនៃផ្កាយដុះកន្ទុយ (អាចម៍ផ្កាយទឹកកក) នៅផុតពីភពណិបទូន។ ប្រសិនបើវត្ថុនេះពិតជាមាននៅទីនោះមែន វានឹងក្លាយជាថ្មអវកាសដំបូងបំផុតនៅតំបន់ខ្សែក្រវាត់ខៃភើ (KBO) ដែលរកឃើញក្នុងរង្វង់ទំហំប៉ុននេះ។
ជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញ KBO ច្រើនគួរសម ប៉ុន្តែពួកវាមានទំហំធំជាង ដូចជា ភពមិនពេញលក្ខណៈ «ភ្លុយតូ» ដែលមានមុខកាត់ជាង២,៣០០គីឡូម៉ែត្រ និងអាចម៍ផ្កាយ Ultima Thule ដែលមានទំហំដល់ទៅ៣២គីឡូម៉ែត្រជាដើម ឬក៏មានទំហំតូចជាពោលគឺក្រោម១គីឡូម៉ែត្រ។
គួរជម្រាបថា ការរកឃើញនេះបានបង្ហាញថា KBO ខ្នាតមធ្យមបែបនេះ តាមពិតអាចសម្បូរច្រើន៕