(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានផ្តល់ភ្លើងខៀវដល់គម្រោងលក់ប្រព័ន្ធប្រឆាំងមីស៊ីលហៅថា AEGIS Ashore ចំនួន០២គ្រឿងទៅឲ្យប្រទេសជប៉ុន ក្នុងតម្លៃ២.១៥ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ប្រព័ន្ធ AEGIS Ashore គឺជាប្រភេទដាក់ពង្រាយនៅលើដីគោកនៃប្រព័ន្ធប្រឆាំងមីស៊ីលស្នូលរបស់ទ័ពជើងទឹកអាមេរិក ដែលជប៉ុនមានរួចស្រេចទៅហើយនៅលើនាវាពិឃាតមួយចំនួនរបស់ខ្លួន។ ប្រព័ន្ធនេះនឹងមានសមត្ថភាពបាញ់មីស៊ីលប្រភេទ SM-3 Block IIA/Block IB នៅពេលពួកវាត្រូវដាក់ពង្រាយនៅអំឡុងឆ្នាំ២០២៣ ហើយនឹងមានការប្រើមីស៊ីលប្រភេទល្បឿនលឿនជាងសំឡេង SM-6 តាមក្រោយថែមទៀត ខណៈខេត្ត Akita និង Yamaguchi ត្រូវគេរំពឹងថានឹងជាទីតាំងសម្រាប់បំពាក់ប្រព័ន្ធនេះ។
គួរជម្រាបថា ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល AEGIS Ashore នៅលើទឹកដីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺមិនអាចគេចផុតពីភាពចម្រូងចម្រាសនោះឡើយ ដោយសារតែវាអាចប្រើដើម្បីបាញ់មីស៊ីលប្រដេញចម្ងាយឆ្ងាយ Tomahawk និងគ្រាប់មីស៊ីលទំនើបៗដទៃទៀត ដែលធ្វើឲ្យប្រព័ន្ធនេះមានសក្តានុពលអាចក្លាយជាសព្វាវុធដើម្បីបើកការវាយប្រហារបាន។
តួយ៉ាងរុស្ស៊ីបានរិះគន់ធ្ងន់ៗលើការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធ AEGIS Ashore នៅប៉ូឡូញនិងរ៉ូម៉ានី ជាច្រើនឆ្នាំមកហើយ ដោយសារហេតុផលថា វានឹងធ្វើឲ្យទឹកដីរុស្ស៊ីមួយផ្នែកធំស្ថិតក្រោមហានិភ័យនៃការឆ្មក់វាយប្រហារ។ ចំណែកចិនវិញក៏បានសម្តែងការជំទាស់ចំពោះគម្រោងស្រដៀងគ្នារបស់ជប៉ុន ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីឆ្នាំ២០១៧ផងដែរ។
សម្រាប់ជប៉ុនវិញ ហេតុផលដែលនៅពីក្រោយការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធ AEGIS Ashore គឺដើម្បីការពារប្រទេសខ្លួនពីការគំរាមកំហែងរបស់កូរ៉េខាងជើង ហើយហេតុផលនេះពុំមានការប្រែប្រួលឡើយ ទោះបីជាបច្ចុប្បន្នទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងសេអ៊ូលមានភាពប្រសើរឡើង ហើយលោក គីម ជុងអ៊ុន កំពុងបន្តបើកកិច្ចចរចាជាមួយ លោក ដូណាល់ ត្រាំ ឬក៏ទោះបីជាលោក គីម លែងធ្វើតេស្តមីស៊ីល-នុយក្លេអ៊ែរទៀតក៏ដោយ ក្នុងអំឡុងពេលជាង១ឆ្នាំកន្លងទៅនេះ៕