(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ របាយការណ៍មួយរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានឱ្យដឹងថា កូរ៉េខាងជើងទំនងជានឹងមិនបោះចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ពីព្រោះវាគឺជាមធ្យោបាយដ៏សំខាន់ក្នុងការបន្តរស់រាន្ដមានជីវិត នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង៕
២៖ តុលាការកំពូលវេណេស៊ុយអេឡា បានចេញបម្រាមហាមឃាត់មេដឹកនាំបក្សប្រឆាំង លោក Juan Guaidó ចេញពី ប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ៕
៣៖ អង្គការតម្លាភាពពិភពលោក (Transparency International) បានចេញរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ទាក់ទងនឹងកម្រិតនៃអំពើពុករលួយនៅក្នុងប្រទេសនានាជុំវិញពិភពលោក ខណៈប្រទេសដែលមានអំពើពុករលួយតិចតួចជាងគេបំផុតគឺដាណឺម៉ាក និងច្រើនជាងគេគឺសូម៉ាលី៕
៤៖ កូរ៉េខាងជើងនាថ្ងៃពុធនេះបានទទូចឲ្យមានការដកទណ្ឌកម្ម នៅមុនការកើតមានឡើងនៃជំនួបកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ព្រោះថាទំនាក់ទំនងទ្វេភាគីមិនអាចឆ្ពោះទៅរកភាពប្រសើរឡើង ដោយពុំមានការប្រឹងប្រែងកសាងទំនុកចិត្តរវាងគ្នាឡើយ។
៥៖ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីក្រុងម៉ូស្គូបានដាក់សំណើសំងាត់មួយទៅកាន់កូរ៉េខាងជើង សំដៅដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន៕
៦៖ ចំនួនសាកសពមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយបាក់ទំនប់ទឹកនៅកន្លែងរុករករ៉ែមួយកន្លែងក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) នៃរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានកើនដល់ ៨៤នាក់៕