(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនាថ្ងៃពុធនេះបានទទូចឲ្យមានការដកទណ្ឌកម្ម នៅមុនការកើតមានឡើងនៃជំនួបកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ព្រោះថាទំនាក់ទំនងទ្វេភាគីមិនអាចឆ្ពោះទៅរកភាពប្រសើរឡើង ដោយពុំមានការប្រឹងប្រែងកសាងទំនុកចិត្តរវាងគ្នាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ការអំពាវនាវខាងលើធ្វើឡើងដោយទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA ដែលបានរិះគន់ចំពោះការដាក់ទណ្ឌកម្មមកលើប្រទេសកុម្មុយនិស្តនេះថា ជាទង្វើមិនអាចស្របជាមួយកិច្ចខិតខំធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីបានឡើយ។ KCNA បានបន្តទៀតថា បើសិនជាមូលដ្ឋានគ្រឹះនៃភាពប្រសើរឡើងទំនាក់ទំនង គឺការគោរពនិងទុកចិត្តគ្នាទៅវិញទៅមក នោះអាចនិយាយបានថា មូលដ្ឋានគ្រឹះនៃការដាក់ទណ្ឌកម្មគឺការប្រឆាំងនិងប្រឈមមុខដាក់គ្នា។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានបន្តទៀតថា ការដាក់ទណ្ឌកម្មនឹងពុំអាចផ្តល់លទ្ធផលដែលរំពឹងទុកនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែមិនព្រមបន្ទន់ឥរិយាបថលើបញ្ហានៃការដាក់ទណ្ឌកម្មនេះ។ មិនតែប៉ុណ្ណោះ KCNA ក៏បានទម្លាក់កំហុសលើសហរដ្ឋអាមេរិក ជុំវិញការជាប់គាំងនៃកិច្ចចរចារវាងប្រទេសទាំងពីរផងដែរ។
គិតមកទល់ពេលនេះ គេសង្កេតឃើញថាមានវឌ្ឍនភាពតិចតួចបំផុត នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ខណៈដែលភាគីទាំងពីរមិនអាចឈានដល់ការព្រមព្រៀគ្នាបានលើបញ្ហានេះ ដោយទីក្រុងវ៉ាស៊ីនតោនហាក់កំពុងរង់ចាំមើលការបង្ហាញវិធានការជាក់ស្តែងណាមួយជុំវិញការរំសាយអាវុធនុយក្លេអ៊ែរពីខាងកូរ៉េខាងជើងសិន ទើបគិតគូររឿងដកទណ្ឌកម្មជាក្រោយ ខណៈទីក្រុងព្យុងយ៉ាងកំពុងរំពឹងឲ្យទីក្រុងវ៉ាស៊ីនតោនជាអ្នកបោះជំហានមុន។
គួរជម្រាបថា លោក ត្រាំ និង លោក គីម កំពុងត្រៀមជួបមុខគ្នាជាលើកទីពីរនៅអំឡុងចុងខែកុម្ភៈ នៅទីតាំងមួយដែលមិនទាន់ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈនៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមានអាមេរិក៕