(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងចង់ប្រែក្លាយប្រទេសរបស់លោក ឲ្យក្លាយទៅជាប្រទេសវៀតណាម ដែលធ្លាប់ឆ្លងកាត់សង្រ្គាមបង្ហូរឈាមដ៏អាក្រក់ នៅក្រោមវត្តមានរបស់អាមេរិកកាលពីរាប់ទសវត្សរ៍កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
លោក នីកូឡាស់ ម៉ាឌូរ៉ូ បានងាកទៅប្រើបណ្តាញសង្គម Twitter ដើម្បីធ្វើការអំពាវនាវទៅដល់ប្រជាជនអាមេរិកដោយផ្ទាល់ ដើម្បីស្នើឲ្យពួកគេជួយរារាំងកុំឲ្យរដ្ឋាភិបាលអាមេរិក ប្រែក្លាយប្រទេសវេណេស៊ុយអេឡា ឲ្យទៅជាវៀតណាមទីពីរ។ លោកប្រធានាធិបតីវេណេស៊ុយអេឡា បានបង្ហោះសារយ៉ាងដូច្នេះថា «ជូនចំពោះប្រជាជននៃសហរដ្ឋអាមេរិក ខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នាទាត់ចោលរាល់ការព្យាយាមធ្វើអន្តរាគមន៍យោធារបស់រដ្ឋាភិបាលលោក ត្រាំ ដែលសំដៅប្រែក្លាយមាតុភូមិខ្ញុំឲ្យទៅជាប្រទេសវៀតណាមនៅអាមេរិកឡាទីន... ចូរកុំអនុញ្ញាតឲ្យលោក ត្រាំ ធ្វើដូច្នោះបានឲ្យសោះ»។
គួរជម្រាបថា នាពេលនេះលោក ម៉ាឌូរ៉ូ បានសម្រេចដើរលើផ្លូវប្រឆាំងទាំងស្រុង ចំពោះទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាមេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ក្រោមការទទួលស្គាល់ពេញទំហំងពីសហរដ្ឋអាមេរិក៕