(ម៉ូស្គូ)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានជម្រុញឱ្យរដ្ឋាភិបាលអ៊ីតាលី ប្រកាសទទួលស្គាល់មេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារជាតិអាមេរិក លោក Mnuchin ធ្វើការអំពាវនាវបែបនេះ នៅក្នុងជំនួបជាមួយសមភាគីអ៊ីតាលី លោក ជីអូវ៉ាននី ទ្រីយ៉ា (Giovanni Tria) នៅថ្ងៃអង្គារសប្តាហ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងយ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី Mnuchin បានអះអាងពីការទទួលស្គាល់លោក Juan Guaido ជាប្រធានធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡា ហើយ លោកក៏បានជម្រុញឱ្យអ៊ីតាលី ដើរតាមសហរដ្ឋអាមេរិកផងដែរ»។ តែខាងរដ្ឋាភិបាលអ៊ីតាលី មិនទាន់ផ្ដល់ចម្លើយតបវិញនោះឡើយ។
គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបភាគច្រើនដូចជា អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងហូឡង់ជាដើម បានដាក់ឱសានវាទឱ្យលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតជាថ្មីឡើងវិញនៅខែកុម្ភៈ ខាងមុខនេះ បើពុំដូច្នោះទេពួកគេនឹងទទួលស្គាល់មេបក្សប្រឆាំង ជាប្រធានាធិបតីវេណេស៊ុយអេឡា។ ប៉ុន្តែលោក ម៉ាឌូរ៉ូ បានបញ្ជាក់ហើយថា ការបោះឆ្នោតជាថ្នូរនឹងអ្វីមួយនោះ គឺមិនអាចកើតឡើងឡើយ ហើយគ្មានប្រទេសណាមួយ អាចមកបង្គាប់បញ្ជាប្រទេសរបស់លោកបាននោះទេ៕