Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាផែនទីពិសេសមួយ បង្ហាញពីក្រុមប្រទេសដើរតាមអាមេរិក និងក្រុមប្រទេសគាំទ្ររដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ (Photo inside) (Video Inside)

30-01-2019 15:59

(វ៉ាស៊ីនតោន)៖ វេណេស៊ុយអេឡា​បច្ចុប្បន្ន កំពុងប្រឈមមុខ​នឹងវិបត្តិមានប្រធានាធិបតី​ដល់ទៅពីររូប​គឺមេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ (Juan Guaido) ដែល​សហរដ្ឋអាមេរិក​គាំទ្រ និង​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប់ឆ្នោត​ និងទើបស្បថឡើងកាន់តំណែងជាផ្លូវការ ខណៈកំពុងមាន​ការព្រួយបារម្ភថា វិបត្តិនេះនឹងបង្ក​ឱ្យពិភពលោក​បែកបាក់គ្នា ដោយសារតែ​ប្រទេសខ្លះគាំទ្រ​មេបក្សប្រឆាំង និងខ្លះទៀតគាំទ្រ​លោក ម៉ាឌូរ៉ូ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថ​ឡើងកាន់តំណែងជាប្រធានាធិបតីសម្រាប់​អាណត្តិទី ២ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ ប៉ុន្តែ​ភ្លាមនោះដែរ​លោក Guaido ដែលជា​ប្រធាន​សភា​របស់គណបក្សប្រឆាំង​ បានប្រកាសតែងតាំង​ខ្លួនឯងជា​ប្រធានាធិបតីស្ដីទី​ជាមួយការសន្យាថា នឹងស្វែងរកលិទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និងសេរីភាព​ដល់ប្រជាជន​វេណេស៊ុយអេឡា។

ខាងក្រោមនេះ គឺផែនទី និងឈ្មោះនៃបណ្ដាប្រទេសដែលគាំទ្រ​អ្នកទាំងពីរ ខណៈ​ប្រទេសធំៗ​​នានា​កំពុងដើរ​កៀរគរ ប្រទេស​ជាមិត្តខ្លួនផ្សេងបន្ថែមទៀតទៀត ឲ្យដើរតាម​របត់នយោបាយ​​រៀងៗ​ខ្លួន៖

១៖ បណ្ដាប្រទេសគាំទ្រលោក ម៉ាឌូរ៉ូ មានដូចជា៖ រុស្ស៊ី ចិន តួកគី អ៊ីរ៉ង់ ស៊ីរី គុយបា បូលីវី និងកូរ៉េខាងជើង ស្របពេលម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្កាយអំពាវនាវឱ្យមានកិច្ចសន្ទនា៕

២៖ បណ្តាប្រទេសគាំទ្រលោក Guaido មានដូចជា៖ សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ហ្គាតេម៉ាឡា ហុងដូរ៉ាស់ កូស្ដារីកា ប៉ាណាម៉ា អេក្វាឌ័រ កូឡុំប៊ី ប៉េរូ ឈីលី អាហ្សង់ទីន ប៉ារ៉ាហ្កាយ ប្រេស៊ីល អូស្ត្រាលី កូសូវ៉ូ និងអាល់បានី។

ចំណែកឯ បណ្ដាប្រទេសអឺរ៉ុប​ដូចជាបារាំង អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និង ហូឡង់​បានទុកពេល ០៨ថ្ងៃឱ្យលោក ម៉ាឌូរ៉ូ រៀបចំការ​បោះឆ្នោតឡើងវិញ បើពុំដូច្នោះទេ​ពួកគេ​នឹងទទួលស្គាល់​លោក Guaido ជាប្រធានាធិបតី​ស្របច្បាប់របស់​វេណេស៊ុយអេឡា។

ទោះបីជាបែបនេះក្តី ទាំងសងខាងហាក់​មិនបានបង្ហាញជំហរថា នឹងចុះចាញ់នោះឡើយ​ ដោយ​មេបក្សប្រឆាំងលោក Guaido កំពុងត្រៀមរៀបចំធ្វើបាតុកម្ម​នៅថ្ងៃពុធសប្តាហ៍​ ចំពោះមុខ​បម្រាមធ្វើដំណើរ​ចេញទៅក្រៅ​ប្រទេស និងការបង្កក​គណនីធនាគារ​ពីសំណាក់​តុលាការ​កំពូល​វេណេស៊ុយអេឡា។

ដោយឡែកលោក ម៉ាឌូរ៉ូ វិញបាន​ផ្តល់បទសម្ភាសន៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយ​ធ្វើការ​វាយប្រហារពាក្យសម្តីខ្លាំងៗដល់អាមេរិក និងសម្ព័ន្ធមិត្ត ហើយលោក​​បានយល់ព្រមអង្គុយ​ចរចា​ជាមួយមេបក្សប្រឆាំងផងដែរ ដោយមានអន្តរជាតិជាអាជ្ញាកណ្តាល ប៉ុន្តែរឿង​បោះឆ្នោត​ឡើងវិញនោះ គឺ​ប្រធានាធិបតីរូបនេះមិនព្រមនោះឡើយ៕

ប្រភព៖ Bloomberg (ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩)