(ម៉ូស្គូ)៖ ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានរុស្ស៊ី Sputnik ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការចរចាជាមួយបក្សប្រឆាំង ដោយមានអន្តរជាតិធ្វើជាអ្នកសម្របសម្រួល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលអង្គុយតុចរចាជាមួយបក្សប្រឆាំង ដើម្បីជជែកអំពីអ្វីដែលអាចជាប្រយោជន៍សម្រាប់វេណេស៊ុយអេឡា ខណៈមានរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួន ដែលបានបង្ហាញក្តីព្រួយបារម្ភពិតប្រាកដ អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយពួកគេបានអំពាវនាវ ឲ្យមានកិច្ចចរចារវាងភាគីទាំងពីរ»។
គួរជម្រាបថា បច្ចុប្បន្នស្ថានការណ៍នយោបាយនៅវេណេស៊ុយអេឡា កំពុងមានភាពតានតឹងជាខ្លាំង បន្ទាប់ពីមេបក្សប្រឆាំងនៃប្រទេសនេះ គឺលោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី និងទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ព្រមទាំងប្រទេសជាច្រើនទៀតនៅលោកខាងលិច។ បន្ថែមពីនេះសហរដ្ឋអាមេរិកក៏កំពុងកៀរគរបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅជុំវិញពិភពលោក ជាពិសេសក្នុងតំបន់អាមេរិកឡាទីនផ្ទាល់ ឲ្យបង្ហាញជំហរគាំទ្រផ្នែកការទូតដល់មេបក្សប្រឆាំងរបស់វេណេស៊ុយអេឡាផងដែរ៕