(ម៉ូស្គូ)៖ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីក្រុងម៉ូស្គូបានដាក់សំណើសំងាត់មួយទៅកាន់កូរ៉េខាងជើង សំដៅដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ក្រុមអាមេរិកដដែលថ្លែងប្រាប់កាសែត Washington Post ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ទៀតថា នៅក្នុងសំណើសំងាត់នោះក្រុមមន្ត្រីរុស្ស៊ីបានសន្យា ផ្ដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយដល់កូរ៉េខាងជើង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ ប៉ុន្តែសេតវិមាន ក្រសួងការបរទេសអាមេរិក និងរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធ នឹងសេចក្ដីរាយការណ៍នេះទេ។
គួរជម្រាបថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារស៊ើបការណ៍សំងាត់ជាតិអាមេរិក ក៏បានចេញផ្សាយរបាយការណ៍មួយដែរថា ទីក្រុងព្យុងយ៉ាងទំនងជានឹងមិនបោះបង់ចោល អាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ បើទោះជារដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ អះអាងជាច្រើនលើកថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន មានភាពរីកចំរើនទៅមុខក៏ដោយ៕