(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយចំៗតែម្តងថា មុខព្រួញចម្បងដែលសហរដ្ឋអាមេរិកកំពុងតម្រង់មកលើប្រទេសលោក គឺដើម្បីដណ្តើមយកធនធានប្រេង ព្រមទាំងធនធានដ៏មានតម្លៃជាច្រើនទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sputnik លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «អាមេរិកមានគោលដៅមួយចំនួន ប៉ុន្តែគោលដៅចម្បងគេគឺដណ្តើមយកប្រេងរបស់វេណេស៊ុយអេឡា ដោយសារតែយើងមានធនធានប្រេងដ៏ច្រើនសម្បើមនៅលើពិភពលោក។ ក្រៅពីនេះយើងមានតាំងឧស្ម័នធម្មជាតិ មាស ពេជ្រ ទឹកស្អាត ព្រមទាំងលោហធាតុផ្សេងៗ។ និយាយរួមទៅយើងគឺប្រៀបដូចជាមហាអំណាចមួយ នៅក្នុងវិស័យធនធានថាមពល និងធម្មជាតិ»។
គួរជម្រាបថា សម្រាប់គោលដៅសំខាន់ទីពីរវិញនោះ គឺអាមេរិកមានចេតនាចង់បំផ្លាញមនោគមន៍វិជ្ជារបស់វីរបុរសឯករាជ្យភាពនៅអាមេរិកឡាទីន គឺលោក ស៊ីម៉ុន បូលីវ៉ា (Simon Bolivar)។ បច្ចុប្បន្នស្ថានការណ៍នយោបាយនៅវេណេស៊ុយអេឡា កំពុងមានភាពតានតឹងជាខ្លាំង បន្ទាប់ពីមេបក្សប្រឆាំងនៃប្រទេសនេះ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី និងទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ព្រមទាំងប្រទេសជាច្រើនទៀតនៅលោកខាងលិច៕