(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក​ ចន បូលតុន (John Bolton) បាន​រារាំងមិនឱ្យ​រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បើកកិច្ចសន្ទនា​ ឬចរចាជាមួយនឹងរដ្ឋាភិបាល​របស់លោក។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik កាលពីថ្ងៃអង្គារ ខណៈរដ្ឋាភិបាល​លោកកំពុង​ប្រឈមមុខនឹងសម្ពាធ​ពីសហរដ្ឋអាមេរិក និងលោកខាងលិច​ ឲ្យបោះបង់អំណាចទៅឲ្យមេបក្សប្រឆាំង។ ប្រធានាធិបតី​រូបនេះ​បានលើក​ឡើងដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានព្យាយាម​បង្កើតកិច្ច​សន្ទនា និងបានបញ្ជូន​ចេតនាទាំងនេះជាច្រើនដងដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណង​ស្ដារទំនាក់ទំនងឡើងវិញ​​ ជាមួយរដ្ឋាភិបាល​អាមេរិក បើទោះជាប្រទេសទាំងពីរមាន​វប្បធម៌ និង​នយោបាយខុសគ្នា​ក៏ដោយ។ ប៉ុន្តែ​លោក John Bolton បានរារាំង​មិនឱ្យលោក ត្រាំ ចូលរួមក្នុងកិច្ចសន្ទនា​ជាមួយខ្ញុំនោះ​ទេ ហើយ ខ្ញុំមានព័ត៌មាន​បញ្ជាក់ថា លោក Bolton ពិតជា​បានធ្វើបែបនេះ​មែន»។

គួរជម្រាបថា កាលពី​ខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ាឌូរ៉ូ ធ្លាប់បានបង្ហាញ​ពីបំណងចង់ជួបជាមួយ​លោក ដូណាល់ ត្រាំ រីឯប្រធានាធិបតីអាមេរិក​រូបនេះ​ក៏បាននិយាយថា លោកចង់ជួបលោក ម៉ាឌរ៉ូ ផងដែរ។ តែទោះជាយ៉ាង​នេះក្ដី លោក ម៉ាឌូរ៉ូ ជំនួបនេះគ្មាន​ថ្ងៃកើតឡើងឡើយ ព្រោះក្រុមមន្ត្រី​របស់លោក ត្រាំ នឹងរារាំងទើបក្រោយមក កិច្ចសន្ទនាមិនអាចកើត​មានឡើង ហើយស្ថានការណ៍​នៅ​វេណេស៊ុយអេឡា ក៏ប្រែជា​ក្តៅគគុកដូចសព្វ​ថ្ងៃនេះតែ​ម្តង៕